ប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះបានរិះគន់ថា ហ្គារ៉ាស់សាំងរបស់លោក ស៊ុន ថានី អភិបាលរងស្រុកព្រះនេត្រព្រះថែមទាំងបានដាក់ស៊ីទែនសាំងរំលោភលើ ប្រឡាយទឹកស្អុយដែលអាជ្ញាធរគ្រោងស្ដារប្រឡាយ។ ប្រភពដដែលបានបញ្ជាក់ថា អាជ្ញាធរខេត្តបន្ទាយមានជ័យគប្បីជំរុញការដោះស្រាយបញ្ហាខាងលើនេះឲ្យ មានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍សាធារណៈ។
មន្ត្រីបម្រើការងារ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យមួយរូបបានបង្ហើបថា រដ្ឋាភិបាលបានកសាងផ្លូវចាក់កៅស៊ូដែលតភ្ជាប់ពីរង្វង់មូលយាយជី ច្រូតស្រូវ ក្នុងស្រុកមង្គលបុរី ហើយតភ្ជាប់មកស្រុកព្រះនេត្រព្រះ ដែលជាប្រភេទផ្លូវជាតិលេខ១៥៦D ហើយកំពុងកសាងជាបណ្តើរៗ។ ប្រភពដដែលបានបញ្ជាក់ថាក្រុមមន្ត្រីរបស់លោកគ្រាន់ជាអ្នកបច្ចេកទេស ធ្វើផ្លូវចំណែកការដោះស្រាយផលប៉ះពាល់ផ្សេងៗទៀតជាភារកិច្ចរបស់ មន្ត្រីជំនាញ។
នៅក្នុងសប្តាហ៍នេះប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានរិះគន់កាន់តែខ្លាំងឡើងៗលើលោក ស៊ុន ថានី អភិបាលរងស្រុកព្រះនេត្រព្រះដែលអាងអំណាចធ្វើការ៉ាស់សាំងរំលោភ ចំណីផ្លូវលេខ១៥៦Dមិនព្រមរុះរើចេញ។ ប្រភពដដែលបានបញ្ជាក់ថា លោកអភិបាលរងស្រុកមិនត្រឹមតែមិនបានធ្វើជាគំរូគេក្នុងការអភិវឌ្ឍ ផ្តល់ផលប្រយោជន៍រួមនោះទេ តែបែរធ្វើខ្លួនជាឧបសគ្គដល់ការអភិវឌ្ឍ ហើយគួរតែត្រូវដកចេញពីមុខតំណែងអភិបាលរងស្រុក។
ប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះបានរិះគន់ថា បើប្រជាពលរដ្ឋធ្វើសំណង់ផ្សេៗរំលោភផ្លូវវិញត្រូវបានអាជ្ញាធរស្រុក ចាត់ការគ្មានការលើកលែង ឬយោគយល់អ្វីឡើយ តែបើប៉ះខ្លួនឯងបែបហ្នឹងបែរជាធ្វើដូចមិនដឹងខ្លួន។ ប្រជាពលរដ្ឋសុំអោយអភិបាលខេត្តចាត់វិធានការដើម្បីធ្វើជាគំរូដល់ ប្រជាពលរដ្ឋ ព្រោះផ្លូវបាននិងកំពុងកសាងឲ្យបានរួចរាល់សម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់។
ចំពោះមុខបញ្ហាខាងលើនេះ លោក វ៉ាត វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានបង្ហើបទាំងទើសទាល់ថា នៅស្រុកព្រះនេត្រព្រះនៅពេលកំពុងកសាងផ្លូវប៉ះពាល់ហ្គារ៉ាសសាំង១ កន្លែងធ្វើរំលោភចំណីផ្លូវដែលមានទទឹងផ្លូវប្រវែងជាង១០ម៉ែត្រ ព្រោះអ័ក្សផ្លូវប្រវែង១៥ម៉ែត្រ ហើយរហូតដល់ពេលនេះមិនទាន់មានការរុះរើចេញនៅឡើយទេដែលនេះជាឧបសគ្គ ដល់ការសាងសង់៕