សណ្ឋា​គារ​អង្គរ​អេរ៉ា​ជាក​ន្លែង​ស្តុក​ឈើប្រណីត​មន្ត្រីរដ្ឋ​បាលព្រៃ​ឈើខេត្តសៀ​ម​រាប​ជាអ្នកនៅ​ពីក្រោយ​ខ្នង?

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប លោក ម៉ុង ប៊ុន​លីម នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀមរាប និង​លោក យឹម ស៊ី​វន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សៀមរាប ទំនង​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈ្មោះ ស៊ីណា ទើប​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈើ​រូបនេះ​។ សកម្មភាព​ជួញដូរ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​យកមក​ស្តុក​ទុក​ក្នុង​បរិវេណ​ សណ្ឋាគារ​អង្គរ​អេ​រ៉ា គឺជា​រឿង​ដែល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ ព្រៃឈើ មិនគួរ​មើលរំលង​នោះទេ ហើយ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ដើម្បី​ព្រមាន​ដល់​ឈ្មួញ​ខិលខូច​ដទៃទៀត​ ។ សព្វថ្ងៃនេះ​ក្នុង​ខេត្តសៀមរាប បទល្មើស​ដឹកជញ្ជូន​ឈើ​នៅតែ​កើតឡើង​យ៉ាង​អានាធិបតេយ្យ​ដោយសារ​សមត្ថកិច្ច​ ពាក់​ព័ន្ធ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តជា​ថ្នូរ ​នឹង​ផលប្រយោជន៍​។

ថ្មីៗ​នេះ​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា នៅ​ផ្នែក​ខាងក្រោយ​នៃ​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​(ANGKOR ERA) ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ស្តុក​ឈើ​ប្រណីត​រាប់រយ​ម៉ែត្រគូប​និង​មាន​ឈើ​ប្រភេទ​លេខ​១ ប្រភេទ​លេខ​២​ជាច្រើន​ផងដែរ​។ ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​មក​ស្តុក​នៅ​ផ្នែក​ខាងក្រោយ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ស៊ីណា ជា​មន្ត្រី​យោធា​និង​ជា​កូនប្រសា​របស់​ម្ចាស់​សណ្ឋាគារ ​។ ឈ្មួញ​ឈ្មោះ ស៊ីណា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រែ​ឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ហេតុនេះហើយ​ទើប​អាច​បន្ត​ជួញដូរ​និង​ស្តុក​ឈើ​ប្រណីត​ដោយ​គ្មាន​ញញើត ​។

​មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បាន​លើកឡើងថា​ថៅកែ​សណ្ឋាគារ​អង្គរ​អេ​រ៉ា មាន​ខ្សែស្រឡាយ​យ៉ាង​ធំ​មាន​ឋានៈ​ឧបនាយករដ្ឋមន្ត្រី​ទៀតផង ហេតុនេះហើយ​ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានត្រឹមតែ​ឃុបឃិត​ដើម្បី​ទទួលផល​ ប្រយោជន៍​មិន​ហ៊ាន​បង្ក្រាប​ ។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​ឈ្មួញ​ឈើ​ឈ្មោះ ស៊ីណា ជា​កូនប្រសា​ថៅកែ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​ជាបន្ទាន់ ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មាន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ លេខ​២ ច្រើន​រយ​ម៉ែត្រគូប​ត្រូវបាន​គេ​ដឹក​យកមក​ស្តុក​ដោយ​គ្មាន​ញញើត​ ​។ ​លោក ទា គឹម​សុទ្ធ និង​មន្ត្រីក្រោមឱវាទ​នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​ដើម្បី​ផលប្រយោជន៍មិនចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ ៕

b-angkor11