ប្រធា​នការិ​យា​ល័យ​គយ​ច្រក​បឹង​ត្រកួន​លោក ​ឡាំ ប៊ុន​ថន ប្រមូល​​លុយពី​​ឈ្មួញ​នាំចូលទំនិញគេ​ចពន្ធនិងរថយ​ន្តចង្កូត​ស្ដាំ

ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​តាម​ច្រក​ បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ពួកគាត់​ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​គយ​ចល័ត​២​ក្រុម​នោះ​តែង​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត បើទោះបី​ពួកគាត់​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ​។ ចំណែក​ឈ្មួញ​ធំៗ​បាន​ឃុបឃិត​ជាមួយ​លោក ឡាំ ប៊ុនថន ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន និង​គយ​ចល័ត​២​ក្រុម​នោះ ទើប​គេ​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​រថយន្ត​ធំៗ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ រលូន​។ រឿងរ៉ាវ​ដែល​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនត្រូវ​មើលរំលង​នោះ​គឺ​ករណី​លោក ឡាំ ប៊ុនថន បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ច្រករបៀង​ចំការ​គ ក្បែរ​ច្រកព្រំដែន​បឹង​ត្រកួន​។ ដោយហេតុថា ច្រករបៀង​ចំការ​គ គឺជា​កន្លែង​ដែល​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​អំពើ​ចិត្ត​ដោយមាន​ ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បំពាន​ទៅលើ​បំរាម​របស់​រដ្ឋា​ភិ​បា​លោក ហ៊ុន សែន។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ឡាំ ប៊ុនថន ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ចែកគ្នា​ ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឡាំ ប៊ុនថន និង​បក្ខពួក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ដើម្បី​ជា​ថ្នូរ​ នឹង​លុយកាក់​យ៉ាងច្រើន ហើយ​បើ​ឈ្មួញ​ណា​មិន​ទាក់ទង​ជាមុន​ទេនោះ ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ជាងនេះទៅទៀត​លោក ឡាំ ប៊ុនថន មាន​បក្ខពួក​ជាម​ន្ត្រី​គយ​ចល័ត​២​ក្រុម​សម្រាប់​ដេញ​បង្ក្រាប​រថយន្ត​ ចង្កូត​ស្ដាំ និង​ទំនិញគេចពន្ធ​ផងដែរ​។

​សមត្ថកិច្ច​នៅ​ច្រក​បឹង​ត្រកួន បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ស្រុក​ថ្មពួក បាន​ស្ទាក់​ឃាត់​ចាប់​រថយន្ត​ចង្កូត​ស្ដាំ​១​គ្រឿង​ម៉ាក​នីសា​ន់​ណាវ​រ៉ា ពណ៌​ស ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ភ្នំពេញ​2A-8518 ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​សៀម​តាម​ច្រករបៀង​ចំការ​គ ជិត​ច្រក​បឹង​ត្រកួន ដែល​នៅ​ទីនោះ​មាន​លោក ឡាំ ប៊ុនថន ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​។ គេ​សង្ស័យថា​លោក ឡាំ ប៊ុនថន គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ដើម្បី​ជា​ថ្នូរ​នឹង ​ផលប្រយោជន៍ ប៉ុន្តែ​ពុំមាន​ការសម្របសម្រួល​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ទើប​ឈានដល់​ ការបង្ក្រាប​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឡាំ ប៊ុនថន មាន​ក្រុមការងារ​គយ​ចល័ត​២​ក្រុម​សម្រាប់​ប្រដេញ​ទប់ស្កាត់​បង្ក្រាប​និង​ ត្រួតពិនិត្យ​ទំនិញ ប្រសិនបើ​ឈ្មួញ​មិន​ឃុបឃិត​បង់លុយ​តាម​ការកំណត់​៕ ​

WAT-15034