ពលរដ្ឋមួយចំនូន ដែលជាអ្នករកស៊ីដឹកផ្លែឈើ ពីទឹកដីសៀមចូលទឹកដីខ្មែរ ឆ្លងកាត់ប៉ុស្តិ៍អូរដាស្រុកកំរៀង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៦ មន្ត្រីគយប្រចាំការ នៅប៉ុស្តិ៍ត្រួតពិនិត្ យភូមិអូរដា បានបង្ខំឲ្យគាត់បង់ លុយថ្លៃដឹក ផ្លែឈើប្រមាណ ២តោនរហូតដល់ទៅ ១៨ ម៉ឺនរៀល ដោយ ពុំមានចេញ វិក្កយបត្រ ។ ចំណែក ពលរដ្ឋដទៃទៀត បានត្អូញត្អែរថា កន្លងមកអ្នករកស៊ីដឹកផ្លែឈើ និងទំនិញផ្សេងៗ ត្រូវប្រឈមនឹងការលំបាក យ៉ាងខ្លាំងដោយ សារមន្ត្រីគយប៉ុស្តិ៍អូរដា តម្រូវឲ្យបង់លុយតាមអំពើចិត្តដោយគ្មានចេញវិក្កយបត្រ។ ហេតុនេះហើយទើបពួកគាត់អំពាវនាវឲ្យមេគយធំៗនៅខាងលើពិនិត្យទង្វើមិន ប្រក្រតីរបស់មន្ត្រីគយនៅតាមព្រំដែន ។
រឿងអាស្រូវរបស់មន្ត្រីគយត្រូវបានលាតត្រដាងជាបន្តបន្ទាប់ព្រោះមន្ត្រីគយនៅតាមច្រកព្រំដែន ច្រករបៀង និងតាមប៉ុស្តិ៍មួយចំនួនមិនបំពេញការងារឲ្យបានត្រឹមត្រូវតាមតួនាទី របស់ខ្លួននោះទេ។ ជាក់ស្តែងប្រជាពលរដ្ឋដែលរកស៊ីដឹកផ្លែឈើពីប្រទេសសៀមចូលប្រទេស កម្ពុជាតាមច្រកអន្តរជាតិដូង ស្រុកកំរៀង បានចោទប្រកាន់មន្ត្រីគយប៉ុស្តិ៍អូរដា ថាជំរិតយកលុយពីពួកគាត់ដោយពុំមានចេញវិក្កយបត្របង់ពន្ធត្រឹមត្រូវ ឡើយ។ ដូច្នេះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវពិនិត្យមើលឡើងវិញជាបន្ទាន់។
អ្នកច្បាប់និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា មន្ត្រីសមត្ថកិច្ចណាដែលយកប្រាក់បង់ពន្ធពីពលរដ្ឋដោយពុំមានចេញ វិក្កយបត្រ ត្រូវចាត់ទុកថាជាអំពើពុករលួយហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវមើលរំលងនោះទេ។ ជាពិសេសករណីមន្ត្រីគយប៉ុស្តិ៍អូរដា ស្រុកកំរៀង បង្ខំឲ្យប្រជាពលរដ្ឋដែលជាអ្នកដឹកទំនិញផ្លែឈើ បន្លែបង្ការពីប្រទេសសៀម បង់លុយដោយគ្មានវិក្កយបត្រនោះ គឺជារឿងដែលក្រសួងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងហើយគួរតែចាត់វិធានការតាមច្បាប់ប្រកបដោយប្រសិទ្ធភាព៕