ប្រភពដដែលបានបង្ហើបថា អ្នកគ្រប់គ្រងបនល្បែងមានលក្ខណៈផ្សារងងឹតក្នុងសង្កាត់ស្រះចក មានឈ្មោះ រ៉ា ជាមន្ត្រីកងរាជអាវុធហត្ថ ហើយបើកដំណើរការលេងជាច្រើនខែមកហើយមានដូចជា អាប៉ោង បៀអ៊ុងឌូ តូផែ និងសាប់សាមជាដើម ស៊ីសងចាញ់ឈ្នះក្នុងលក្ខណៈទ្រង់ទ្រាយធំចាប់ពី២០០០០រៀលដល់៥០០០០រៀល ឬលើសពីនេះក្នុងមួយដៃៗ។ ប្រជាពលរដ្ឋសង្កាត់ស្រះចកបានបញ្ជាក់ថាមានអ្នកចូលលេងល្បែងខ្លះចាញ់ ដល់ថ្នាក់យករថយន្ត និងរបស់មានតម្លៃផ្សេងទៀតទៅបញ្ចាំដើម្បីយកប្រាក់ទៅស្រង់ដើមទៀតផង។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ដែលមិនហ៊ានបង្ក្រាបទីតាំងវង់ល្បែងដ៏ធំមួយកន្លែងបង្កប់នៅក្នុង កន្លែងលក់ឡានយីហោ ៧៧៧ និង១៨៨ ខាងលិចស្ថានទូតអាមេរិក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រភពដដែលបានបញ្ជាក់ថា រឿងអាស្រូវពុករលួយ និងភាពអសកម្ម អាជ្ញាធរខណ្ឌដូនពេញតែងតែឃុបឃិតគ្នាបិទបាំង ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។
ចំពោះអ្នកដែលចង់ទៅលេងនៅទីតាំងខាងលើត្រូវបង់តុងជូនឲ្យខាង មេវង់ដែរទើបអាចមានសិទ្ធិចូលលេងបាន ហើយក៏មានដកភាគរយទុកឲ្យសមត្ថកិច្ចមូលដ្ឋានផងដែរ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋសង្កាត់ស្រះចក។
គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដែលដាក់ចេញដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋសង្កាត់ស្រះចករិះគន់ថាគ្មានប្រសិទ្ធភាពនោះទេ ព្រោះនៅក្នុងសង្កាត់ស្រះចក មិនត្រឹមតែមានករណីលួចបើកបនល្បែងខុសច្បាប់នោះទេ តែក៏មានករណីយុវវ័យប្រើប្រាស់គ្រឿងញៀនផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបបទល្មើសខាងលើ នោះទេ ព្រោះបើបង្ក្រាបនឹងប៉ះពាល់ដល់ប្រយោជន៍របស់ពួកគេ ៕