ប្រធាន​នាយ​កដ្ឋាន​នគរបា​លប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួង​មហាផ្ទៃ​ បើក​ភ្លើងខៀ​វ​ឲ្យកូនចៅ​ប្រព្រឹត្ត​អំពើពុក​រលួយ?

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក អ៊ុំ មុនី កំពុង​ទទួលបាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រមូល​ផលប្រយោជន៍​សេដ្ឋកិច្ច​ ធំជាងគេ បើ​ប្រៀបធៀប​ទៅនឹង​មន្ត្រីនគរបាល​ដទៃទៀត​ក្នុង​នាយកដ្ឋាន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក អ៊ុំ មុនី ដែល​ទទួលបាន​តួនាទី​សំខាន់​ថ្មីៗ​នេះ ក៏បាន​យក​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ សាន សាធុការ ជា​មនុស្ស​ជំនិត​របស់ខ្លួន​ដើម្បី​ឲ្យ​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​លោក អ៊ុំ មុនី បានរៀបចំ​ការងារ​រួចជាស្រេច​ឲ្យ​មន្ត្រី​ជំនិត​របស់ខ្លួន​ចុះ​ធ្វើ​ស្ថិតិ​ ពី​ចំនួន​ឃ្លាំង​ស្តុក​ទំនិញ និង​ទំនិញ​ដែល​ឈ្មួញ​នាំចូល​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ក្ដាប់​ប្រភព​ ចំណូល​គ្រប់​ជ្រុងជ្រោយ​។ ដូច្នេះ​លោក អ៊ុំ មុនី អាច​ប្រមូល​ចំណូល​បាន​យ៉ាងច្រើន ដើម្បី​ដោះស្រាយ​តាម​តម្រូវការ​របស់​ថ្នាក់លើ​ ​។

ចាប់តាំងពី​លោក ចាន់ វ៉ាន់​ធឿន ឡើងកាន់តំណែង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួចមក មាន​សេចក្ដីរាយការណ៍​ថា លោក ចាន់ វ៉ាន់​ធឿន បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​មួយចំនួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​។ ក្នុងនោះ​ថ្មីៗ​នេះ​លោក អ៊ុំ មុនី ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បន្ទាប់ពី​ឈរជើង​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​នោះ ត្រូវបានតែងតាំង​ឲ្យ​ជំនួស​ការងារ​លោក ឡុង ស្រេង​។ មានន័យថា លោក អ៊ុំ មុនី ធ្វើជា​អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទទួលបន្ទុក​ការគ្រប់គ្រង បង្ការ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ក៏ដូចជា​ទប់ស្កាត់​ការហូរចូល​នៅ​ចំណីអាហារ​មាន​ជាតិពុល​នៅក្នុង​រាជធានី​ភ្នំពេញ​។

\មន្ត្រីនគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លោក សាន សាធុការ ដែលជា​មនុស្ស​ជំនិត​របស់លោក អ៊ុំ មុនី ធ្លាប់មាន​ជំនាញ​និង​ស្នាដៃ​ខាង​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​១១០ និង​២១០​ផងដែរ​។ ដូច្នេះ​នៅពេល​ទទួលបាន​សិទ្ធិអំណាច​ពី​លោក អ៊ុំ មុនី គឺ​លោក សាន សាធុការ អាច​ប្រើ​អំណាច​នេះ​ដើម្បី​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​ជាមិនខាន ព្រោះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ឃ្លាំង​ស្តុក​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ជាច្រើន​កន្លែង ហើយ​តាម​ផ្លូវជាតិ​ដូច​រៀបរាប់​ខាងលើនេះ ជាទី​តាំង​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង​។

3113