ក្នុងចំណោមស្ថានីយ៍ថ្លឹងរថយន្តក្នុងខេត្តកណ្ដាល គឺក្រុមជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៣ ចំណុចភូមិកំពង់ទួល ស្រុកកណ្ដាលស្ទឹង ធ្វើសកម្មភាពមិនខុសពីកុងត្រូលជជុះនោះទេ ដែលជាហេតុធ្វើឲ្យឈ្មួញ អាជីវករ រកស៊ីដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល និងម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ថ្ម ក្ដៅក្រហាយយ៉ាងខ្លាំង។ ដោយហេតុថា បើទោះបីពួកគេដឹកជញ្ជូនទំនិញមិនលើសទម្ងន់ និងដឹកជញ្ជូនទំនិញតាមរថយន្តតូចៗ ក៏ចៀសមិនផុតពីត្រូវបង់លុយឲ្យក្រុមជញ្ជីងថ្លឹងរថយន្តក្នុងភូមិ កំពង់ទួលដែរ។ មិនតែប៉ុណ្ណោះក្រុមជញ្ជីងថ្លឹងរថយន្តនេះ បានពង្រាយកម្លាំងគ្រប់ច្រកល្ហក់ ដើម្បីតាមជំរិតយកលុយពីរថយន្តដឹកដី ខ្សាច់ថ្ម ដែលបើកបរនៅលើផ្លូវលំ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
មន្ត្រីរាជការក្នុងខេត្តកណ្ដាល បានឲ្យដឹងថា លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល កំពុងសប្បាយក្នុងការប្រមូលលុយពីជញ្ជីងថ្លឹងរថយន្តតាមផ្លូវជាតិ នានាដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ២១បេ និងផ្លូវជាតិមួយចំនួនទៀត។ ក្រុមជញ្ជីងថ្លឹងរថយន្តរបស់មន្ទីរសាធារណការខេត្តកណ្ដាល មិនខ្វល់ពីរឿងរថយន្តធំៗដឹកទំនិញលើសទម្ងន់ធ្វើឲ្យខូចផ្លូវខូច ស្ពាននោះទេ គឺពួកគេគិតែពីរឿប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ។ បញ្ហានេះលោក ស៊ុន ចាន់ថុល ដែលទើបចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជំនួសលោក ត្រាំ អ៊ីវតឹក កាលពីពេលថ្មីនេះ គួរចាត់វិធានការត្រួតពិនិត្យផងដែរ ព្រោះក្រុមជញ្ជីងថ្លឹងរថយន្តនៅខេត្តកណ្ដាល ត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំង។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ម៉ឹង យូឡេង និងលោក ជួរ ឈុនឡេង ដែលជាប្រធាន និងអនុប្រធានមន្ទីរសាធារណការខេត្តកណ្ដាល កំពុងសប្បាយក្នុងការប្រមូលផលប្រយោជន៍ពីក្រុមជញ្ជីងថ្លឹងរថយន្តនៅ ទូទាំងខេត្តកណ្ដាល។ ឈ្មួញនិងអាជីវករបានអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ពិនិត្យមើលសកម្មភាពក្រុមជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៣ ក្នុងភូមិកំពង់ទួល ស្រុកកណ្ដាលស្ទឹងជាបន្ទាន់ ព្រោះក្រុមនោះមិនដែលបង្ក្រាបរថយន្តធំៗដឹកទំនិញលើសទម្ងន់តាម តួនាទីរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញពួកគេចាំយកលុយពីម្ចាស់រថយន្តទាំងនោះតាមរបៀបកុងត្រូលជជុះ ហើយសូម្បីតែរថយន្តដឹកទំនិញតូចៗក៏ត្រូវបង់លុយឲ្យដែរ។