មន្ត្រីដែលមានលិខិតបេសកកម្មមានលោកវរសេនីយ៍ឯក នង សោភា ដែលមានតួនាទីជាជំនួយការប្រធាននាយកដ្ឋាន ត្រូវគេដឹងថាទទួលលិខិតបេសកកម្មឲ្យចុះស្រាវជ្រាវរុករកបទល្មើស សេដ្ឋកិច្ចប្រចាំខេត្តកណ្តាល នៅលើផ្លូវជាតិលេខ១ ហើយដែលទទួលរងការរិះគន់ពីប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ។
ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃបានរាយការណ៍ឲ្យដឹងថាលោកឧត្តម សេនីយ៍ឯក ចាន់ វណ្ណធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចេញលិខិតបេសកកម្ម ដល់មន្ត្រីរបស់ខ្លួន និងបក្ខពួកឲ្យចុះបំពេញតួនាទីតាមគោលដៅផ្សេងៗដែលគេដឹងថាជាការ ឃុបឃិតប្រព្រឹត្តអំពើពុករលួយ។ ដំណើររឿងខាងលើនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋ និងឈ្មួញផ្សេងៗដែលរកស៊ីដឹកជញ្ជូនទំនិញពីភ្នំពេញទៅប្រទេសយួន និងពីប្រទេសយួនចូលប្រទេសកម្ពុជាតាមបណ្តោយផ្លូវជាតិលេខ១ក្នុង ចន្លោះពីភ្នំពេញដល់អ្នកលឿងតែងតែត្អូញត្អែរ និងរិះគន់ថាមន្ត្រីជំនាញបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន គាបសង្កត់យកលុយពីពួកគាត់ខុសគោលការណ៍ច្បាប់។ ប្រភពដដែលបានបញ្ជាក់ថា គាត់មិនស្គាល់លិខិតបេសកកម្មអ្វីទេ តែដឹងត្រឹមថាមានមន្ត្រីជំនាញតែងតែគាបសង្កត់យកលុយពីពួកគាត់ដោយ គ្មានចេញវិកយបត្រ ដើម្បីជាថ្នូរឲ្យរថយន្តរបស់ពួកគាត់អាចបន្តដំណើរទៅមុខបានរលូន បើមិនដូច្នេះទេមន្ត្រីខិលខូចនឹងឃាត់រថយន្តទុកដោយចោទថាខុសនេះ ខុសនោះមិនខាន ហើយបញ្ហានេះបានកើតឡើងរាប់ឆ្នាំមកហើយ។
ជុំវិញបញ្ហាខាងលើនេះ មន្ត្រីរាជការបម្រើការនៅក្រសួងមហាផ្ទៃបានរាយការណ៍មកថា មិនត្រឹមតែផ្លូវជាតិលេខ១នោះទេ ដែលមានបញ្ហាដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋ ព្រោះនៅផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២១បេ និងផ្លូវជាតិលេខ២ ជាដើមក៏មានបញ្ហាដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋផងដែរ។