មន្ត្រីរាជការនៅក្នុងក្រុងស្ទឹងត្រែង បានឲ្យដឹងថារថយន្តសាំយ៉ុង ដឹកឈើបេងដែលក្រឡាប់ជាច្រើនត្រឡប់នោះ គឺជារបស់ឈ្មួញឈ្មោះ ណាក់ ហើយឈ្មួញរូបនេះមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធពីស្ថាប័នផ្សេងៗទៀតយ៉ាងជិតស្និទ្ធ។ ប្រភពបានឲ្យដឹងទៀតថា ដោយសារឈ្មួញឈ្មោះ ណាក់ មានទំនាក់ទំនងល្អជាមួយសមត្ថកិច្ចទើបឈ្មួញរូបនេះ អាចយករថយន្តផ្សេងមកលើកឈើពីរថយន្តដែលក្រឡាប់ ហើយដឹកចេញពីកន្លែងកើតហេតុយ៉ាងរលូនតែម្តង។ បញ្ហានេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យមើលភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើក្នុង ខេត្តស្ទឹងត្រែង ជាបន្ទាន់ព្រោះបច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ នៅក្នុងខេត្តនេះ បន្តកើតឡើងឥតឈប់ឈរ។
ប្រជាពលរដ្ឋនិងសកម្មជនព្រៃឈើនៅខេត្តស្ទឹងត្រែង បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ ឲ្យស្របតាមបទបញ្ជារបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ។ ផ្ទុយទៅវិញលោក ឈាង តុលា នៅតែឃុបឃិតបើកដៃឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍ដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបបទល្មើសកាប់ឈើក្នុងស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាង និងស្រុកសេសាន នៅតែបន្តកើតឡើងយ៉ាងរាលដាល។
កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ រថយន្តសាំយ៉ុង១២កៅអី១គ្រឿងបានក្រឡាប់ច្រើនប្រឡប់លើកំណាត់ ផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិសាមគ្គី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ហើយធ្លាក់ចេញឈើប្រណីតប្រភេទបេងជាច្រើនកំណាត់។ ដោយសារតែមានរថយន្តដឹកឈើប្រណីតក្រឡាប់បែបនេះហើយ ទើបមជ្ឈដ្ឋាននានាវាយតម្លៃថា បទល្មើសដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែង ព្រោះមេរដ្ឋបាលព្រៃឈើខេត្ត ក៏ដូចជាអភិបាលខេត្ត មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសឡើយ ហើយពួកគេគិតគូរតែរឿងប្រមូលផលប្រយោជន៍ធ្វើមានធ្វើបានផ្ទាល់ខ្លួន។