ភ្នំពេញ៖ តាមប្រភពពីអ្នករត់ការ នាំទំនិញចេញ-ចូល តាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានឲ្យដឹងថា មន្ត្រីៗគយប្រចាំនៅ ច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ គ្រប់គ្រងដោយលោក ហ៊ីវ ពុទ្ធារិទ្ធ សម័យសព្វថ្ងៃនេះ មិនខុសគ្នាពីមន្ត្រីៗគយ កាលពីសម័យ មេគយមុននោះទេ គឺគ្រាន់តែដូរមុខ និងឈ្មោះមនុស្ស ដឹកនាំតែប៉ុណ្ណោះ… ឯរឿងប្រព្រឹត្តអំពើពុករលួយ នៅតែកើតមានដដែល… មានករណីខ្លះ ខ្លាំងជាងមុនទៅទៀត ។ ដោយសារហេតុថា លោក ហ៊ីវ ពុទ្ធារិទ្ធ ធ្លាប់មាន បទពិសោធន៍ ប្រព្រឹត្តអំពើពុករលួយ តាំងពីនៅធ្វើជាមេគយ នៅច្រកដូង៧ដើម និងបន្ទាប់មក ធ្វើជាមេគយរង កំពង់ផែស្វយ័តភ្នំពេញ ក្នុងចេតនាចង់ឡើង ធ្វើមេធំជំនួសលោក សុខ គឹមសាន្ត ដែលត្រូវចូលនិវត្តន៍… តែមិនបានសម្រេច… ។
បន្ទាប់ពីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឡើងជារដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តម គាត ឈន់ ដោយមានឯកឧត្តម គុណ ញឹម ឡើងជាអគ្គនាយក នៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករ ជំនួសឯកឧត្តម ប៉ែន ស៊ីម៉ន រួចមក មន្ត្រីៗគយមួយចំនួន ត្រូវបានផ្លាស់ប្ដូរ ជាបន្តបន្ទាប់… ខ្លះត្រូវចូលនិវត្តន៍, ខ្លះត្រូវថ្នាក់លើថ្មី ដកហូតតួនាទី ពីកន្លែងខ្លាញ់ច្រើន ទៅកន្លែងខ្លាញ់តិច ឬទៅអង្គុយអង្កៀមឆ្អឹង, ខ្លះផ្លាស់ពីកន្លែងឆ្អឹង ឲ្យឡើងទៅនៅ កន្លែងខ្លាញ់វិញម្ដង ទៅតាមខ្សែហោ បក្ខពួកនិយម ខ្សោយខ្លាំងរៀងៗខ្លួន ដូចទម្លាប់សព្វដង ដោយគ្មានការធ្វើ កំណែទម្រង់អ្វី ជាដុំកំភួនសោះឡើយ ធ្វើឲ្យមន្ត្រីៗគយទាំងនោះ នៅតែជិះសេះលែងដៃ ប្រព្រិត្តអំពើពុករលួយ ។
ជាក់ស្ដែង ក្រោយពីដូរមេចាស់ ផ្លាស់ដាក់មេថ្មីភ្លាម… លោក ហ៊ីវ ពុទ្ធារិទ្ធ ត្រូវបានមេថ្មីលើកបន្តុប ឲ្យគាត់បានឡើងជាមេគយធំ ប្រចាំនៅច្រកទ្វារ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ (ពោធិចិនតុង) ដែលល្បីយូរមកហើយថា ជាកន្លែងខ្លាញ់រងើម គ្រប់រដូវកាលនោះ យ៉ាងត្រជាក់ចិត្ត ដូចផ្សិតដុះរីក នៅក្បែរទឹកជ្រោះ ដោយស្ងាត់ៗភ្លាមដែរ ។ ប៉ុន្តែមានមន្ត្រីៗគយ ជាច្រើននាក់ផ្សេងទៀត មានសតិអារម្មណ៍មិនល្អឡើយ ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករ ដែលប្រើអំណាច តែងតាំងតែបក្ខពួកខ្លួន ជាមន្ត្រីគយនៅកន្លែងខ្លាញ់នេះ ។
ទីបំផុត មហិច្ឆតារបស់លោក ហ៊ីវ ពុទ្ធារិទ្ធ ត្រូវបានសម្រេចសាច់ការ តាមរយៈការតែងតាំង ដោយស្ងាត់ស្ងៀមបំផុត ពីឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋាគយ និងរដ្ឋាករ ឲ្យឡើងទៅធ្វើជា មេគយធំនៅច្រក ព្រលានយន្តហោះ អន្តរជាតិ-ភ្នំពេញ កាន់តែធ្វើឲ្យលោក ហ៊ីវ ពុទ្ធារិទ្ធ រឹតតែ ត្រូវប៉ាន់ខ្លាំងឡើងៗ ប្រៀបដូចជាមាន់គក ដេកទុំលើជង្រុកស្រូវ… ដែលឥឡូវនេះឮថា មេគយថ្មីនៅច្រក ពោធិចិនតុងនោះ មិនសូវទៅធ្វើការងារ នៅកន្លែងផ្ទាល់ទេ… គឺគាត់ចូលចិត្តតែធ្វើការងារ… ជាពិសេសការងារ ពាក់ព័ន្ធនឹងលុយកាក់ នៅតាមហាងកាហ្វេស្ងាត់ៗ របៀបអាថ៌កំបាំងប៉ុណ្ណោះ ។ សូម្បីតែអ្នករត់ការខ្លះ បាននិយាយប្រាប់ថា ពួកគាត់មិនទាន់ស្គាល់ មុខមាត់មេគយថ្មីនោះ ឲ្យបានច្បាស់លាស់ឡើយ គឺឮតែគេប្រាប់ឈ្មោះថា មេ រិទ្ធ… មេ រិទ្ធ … មិនដឹងមេ រិទ្ធ មួយណា… ពេលពួកគាត់ទៅរត់ការ ធ្វើឯកសារផ្សេងៗម្ដងៗ ពួកគេតែងតែរុញ ឲ្យទៅជួបអ្នកនេះ អ្នកនោះ… បង់លុយលើតុ ក្រោមតុ… ធ្វើតាមតែទម្លាប់ ដូចមេគយមុនទៅ… ជាការស្រេចទៅហើយ ដោយមិនបាច់ខ្វល់ ចង់ស្គាល់មុខមេណា ទាំងអស់។
អ្នករត់ការឯកសារ បានឲ្យដឹងទៀតថា នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ មានសម្ភារៈទំនើបៗ ដ៍ល្អប្រណីតមួយ ដែលគេចង្អុលប្រាប់ថា …ជាបន្ទប់ផស់មេ រិទ្ធ អ្នកមានសិទ្ធិអំណាច អាចស៊ីញ៉េសម្រេច កិច្ចការគយនៅទីនោះ គេមិនសូវឃើញលោក ហ៊ីវ ពុទ្ធារិទ្ធ ទៅ អង្គុយធ្វើការងារ ជាប្រចាំនោះទេ៕