រឿង​លោក​ ឡាយ ​ម៉ារីវ៉ូ ​រួចខ្លួន​ឯលោក​ ចែម សង្វារ​ ជាប់​គុក

មន្ត្រីរាជការ​នៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ខែ​មុននេះ​ពេលដែល​លោក ឡាយ ម៉ា​រី​វ៉ូ នៅ​កាន់តំណែង​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ត្រូវ​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ពី​រឿង​ពុករលួយ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​២៣​ ម៉ឺន​ដុល្លារ​អាមេរិក​។ ក៏ប៉ុន្តែ​ជុំវិញ​អំពើពុករលួយ​នេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានត្រឹមតែ​ដកហូត​តំណែង​លោក ឡាយ ម៉ា​រី​វ៉ូ ហើយ​តែងតាំង​អ្នកថ្មី​ជំនួស​ប៉ុណ្ណោះ ដោយ​មិនទាន់​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​តាមច្បាប់​លើ​លោក ឡាយ ម៉ា​រី​វ៉ូ នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក ឡាយ ម៉ា​រី​វ៉ូ អតីត​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ឲ្យ​ដូច​ចំណាត់ការ​ទៅលើ​លោក ចែម សង្វារ ផងដែរ​។

ប្រភពពី​មន្ត្រី​តុលាការ​កំពូល​បាន​ឲ្យ​ដឹងថា លោក ចែម សង្វារ អតីត​អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន​អធិការកិច្ច​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ទំហំ​ទឹកប្រាក់​ប្រមាណ​៧០​ម៉ឺន​ដុល្លារ​ អាមេរិក នឹងត្រូវ​តុលាការ​កំពូល​បើកសវនាកា​រ​ជំនុំជម្រះ​ទោស​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សវនាការ​ជំនុំជម្រះ​នោះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល និង​លោក ឈួន ចាន់ថា ជា​តំណាង​អយ្យការ​អម​តុលាការ​កំពូល​។ សំណុំ​រឿងនេះ​ត្រូវ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​គេ​ក៏​រង់​ចាំមើល​សំណុំរឿង​លោក ឡាយ ម៉ា​រី​វ៉ូ អតីត​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​ផងដែរ​។

មន្ត្រី​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាត់វិធានការ​ខុសគ្នារ​វាង​លោក ចែម សង្វារ និង​លោក ឡាយ ម៉ា​រី​វ៉ូ ព្រោះ​រហូតមក​ដល់ពេលនេះ​លោក ឡាយ ម៉ា​រី​វ៉ូ អាច​គេច​ផុតពី​វិធានការ​ច្បាប់​យ៉ាង​សុខ​ស្រួល​។ លោក ចែម សង្វារ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៤ ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ចំណែក​លោក ឡាយ ម៉ា​រី​វ៉ូ បែរជា​គេច​ផុតពី​វិធានការ​ច្បាប់​យ៉ាង​ក្រអឺតក្រទម​ ៕

70211-300x273