តំណាងសហគមន៍នេសាទស្រីចឹក បានឲ្យដឹងថា ការចាប់ឃាត់ត្រាក់ទ័រ១គ្រឿងនោះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចថ្លុកចកនិងបឹងរ៉ូងរ៉ាង ភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង។ ត្រាក់ទ័រនោះចូលឈូសឆាយព្រៃលិចទឹកក្នុងតំបន់៣យកដីធ្វើស្រែ ចម្ការ ហើយជាកម្មសិទ្ធិរបស់ឈ្មោះ ណេះ លោះ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំកញ្ជរ ស្រុកកណ្ដៀង។ នៅពេលឃើញត្រាក់ទ័រចូលឈូសឆាយបំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ ដែលជាដីរបស់រដ្ឋទើបប្រជាសហគមន៍ឃាត់ត្រាក់ទ័រនោះ ប្រគល់ឲ្យមេឃុំនិងមន្ត្រីរដ្ឋបាលជលផលដោះស្រាយ ដើម្បីចាត់វិធានការលើអ្នកប្រព្រឹត្តបទល្មើស ក៏ប៉ុន្តែមិនបានប៉ុន្មានផងក៏មានការដោះលែងទៅវិញ។ប្រជាពលរដ្ឋរស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង បានអំពាវនាវឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចាត់វិធានការទប់ស្កាត់បទល្មើសឈូសឆាយបំផ្លាញព្រៃលិចទឹកក្នុង មូលដ្ឋានរបស់ពួកគាត់ជាបន្ទាន់។ សេចក្ដីអំពាវនាវនេះបានកើតឡើងក្រោយពេលកម្លាំងសហគមន៍នេសាទស្រីចឹក បានចាប់ត្រាក់ទ័រភ្ជួរដី១គ្រឿង ខណៈកំពុងឈូសឆាយព្រៃលិចទឹកបញ្ជូនទៅឲ្យមន្ត្រីអាជ្ញាធរ និងមន្ត្រីរដ្ឋបាលជលផល ចាត់វិធានការដោះស្រាយតាមច្បាប់។ ក៏ប៉ុន្តែមិនទាន់បានរយៈពេលកន្លះថ្ងៃផង មន្ត្រីអាជ្ញាធរ និងមន្ត្រីរដ្ឋបាលជលផល ដោះលែងត្រាក់ទ័រនោះទៅវិញ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការខកចិត្តយ៉ាងខ្លាំង។
ទាក់ទងបញ្ហាខាងលើនេះប្រជាពលរដ្ឋសង្ស័យថា ការដែលឈ្មោះ ណេះ លោះ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិតជាមួយមន្ត្រីអាជ្ញាធរ និងមន្ត្រីរដ្ឋបាលជលផល បើគ្មានការឃុបឃិតទេនោះ ប្រហែលគេមិនហ៊ានធ្វើសកម្មភាពឡើយ។ ហេតុនេះប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះកន្លែងដែលគេយកត្រាក់ទ័រទៅឈូសឆាយបំផ្លាញព្រៃលិចទឹកនោះ ជាដីព្រៃការពារក្នុងតំបន់៣។ ទន្ទឹមនឹងនេះមានការអំពាវនាវឲ្យចាត់វិធានការតាមច្បាប់ទៅលើជនល្មើស ផងដែរ ដើម្បីកុំឲ្យហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត៕