ឧក​ញ៉ា ​ខូវ ​អ៊ុយ​ប៉ាង​ ចាក់ដី​លុបបឹង​យក​ធ្វើជា​កម្ម​សិទ្ធិ ?

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ឃុំ​រកា​ខ្ពស់ និង​មន្ត្រី​សាលាស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ឧកញ៉ា ខូវ អ៊ុយប៉ាង បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្រុក​ស្អាង ប្រធាន​ភូមិបាល​ស្រុក និង​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ស្អាង ក្នុង​ការទិញ​លក់​ដី​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១ នៅ​ខាងលិច​បឹង​ទឹកជោ​រាប់រយ​ហិកតា​។ ក្រោយពេល​ទិញ​រួច​ឧកញ៉ា ខូវ អ៊ុយប៉ាង បាន​រត់ការ​ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ កាន់កាប់​ដី​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​យ៉ាង​រលូន ក្នុងខណៈដែល​អភិបាល​ខេត្តកណ្ដាល លោក ម៉ៅ ភិ​រុណ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ បន្ទាប់មក​ឧកញ៉ា ខូវ អ៊ុយប៉ាង បាន​ជួល​គ្រឿងចក្រ​រាប់សិប​គ្រឿង​ជីក​និង​កាយ​អាចមន៍​ដី​យកទៅ​ចាក់​លុប​បឹង​ អតីត​ឡូត៍​នេសាទ​លេខ​១ ពង្រីក​បន្ថែម​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ទុយោ​ជ័រ​១​កន្លែង​បន្ថែមទៀត​។

រឿងរ៉ាវ​ឧកញ៉ា ខូវ អ៊ុយប៉ាង ថៅកែ​រោងចក្រ​ទុយោ​ខេ​អេ​ភី​(KAP) ចាក់ដី​លុប​បឹង​នៅ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវបាន​គេហទំព័រ និង​សារព័ត៌មាន​នានា ចុះផ្សាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង សង្ស័យថា​មន្ត្រី​អាជ្ញាធរ​ថា្នក់​ស្រុក ថ្នាក់​ខេត្ត និង​មន្ត្រី​ជំនាញ ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ទទួលបាន​ផលប្រយោជន៍​ពី​ឧកញ៉ា ខូវ អ៊ុយប៉ាង ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​ដី​បឹង​រាប់រយ​ហិកតា​នៅ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ត្រូវ​ឧកញ៉ា ខូវ អ៊ុយប៉ាង ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​ ​។

មន្ត្រីរាជការ​សាលាខេត្ត​កណ្ដាល បាន​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា ខូវ អ៊ុយប៉ាង ថៅកែ​ក្រុមហ៊ុន​ទុយោ​ខេ​អេ​ភី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​មន្ត្រី​ ជំនាញ និង​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​។ ហេតុនេះហើយ​ទើប​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្អាង និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​ឧកញ៉ា ខូវ អ៊ុយប៉ាង ចាក់ដី​លុប​ប្រឡាយ​មេទឹក​២​ខ្សែ​ដែលមាន​ទទឹង​៤០​ទៅ​៥០​ម៉ែត្រ និង​មាន​បណ្ដោយ​រាប់ពាន់​ម៉ែត្រ​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ដី​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​រាប់រយ​ហិកតា កំពុង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ឧកញ៉ា ខូវ អ៊ុយប៉ាង ​។ ចំណែក​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កំពុង​សប្បាយ​ក្នុងការ​ទទួលផល​ប្រយោជន៍​ ​៕

WAT-240510WAT-240510