សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្ត ត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេលប្រមាណ១សប្ដាហ៍កន្លងទៅនេះ ឈ្មួញដឹកជញ្ជូនឈើប្រណីតតាមរថយន្តយីឌុបជាច្រើនគ្រឿងទៅស្រុកយួន តាមច្រករបៀងតាដោក ហៅច្រក៧៨ យ៉ាងរលូន។ ច្រករបៀងតាដោក ត្រូវបានគេដឹងថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក នឹង ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករទន្លេចាម ហើយបទល្មើសអាចដំណើរការបានគឺដោយសារមានការឃុបឃិតពីលោក នឹម ផល្លី។ ចំណែកលោក ងី វីរៈ មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ត្រូវបានគេដឹងថា ជាអ្នកសម្របសម្រួលឲ្យឈ្មួញដឹកឈើទៅស្រុកយួន ដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងក្រអឺតក្រទមបំផុត។
ករណីលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងលោក នឹម ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទន្លេចាម បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន កំពុងធ្វើឲ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប៉ុន្តែបញ្ហានេះមិនទាន់ឃើញលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចាត់វិធានការទៅលើលោក នឹម ផល្លី នៅឡើយទេបើទោះបីមន្ត្រីគយរូបនេះ ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនយ៉ាងណាក៏ដោយ។ ចំណែកលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែល ងី វីរៈ ជាប់ពាក់ព័ន្ធបទល្មើសដឹកជញ្ជូនឈើប្រណីតទៅស្រុកយួន។
កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ បទល្មើសដឹកជញ្ជូនឈើប្រណីតតាមរថយន្តយីឌុបទៅលក់នៅស្រុកយួន ត្រូវបានគយចល័តបង្ក្រាប ហើយរកឃើញភស្ដុតាងជាក់ស្ដែងតែម្តង។ សមត្ថកិច្ចគយចល័តបង្ក្រាបរថយន្តដឹកឈើប្រណីតដែលបង្កប់ពីក្រោមបាវ ស្ករស ដូច្នេះលោក នឹម ផល្លី មេគយច្រកទន្លេចាម ក៏ដូចជាលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ មិនអាចប្រកែកយករួចខ្លួនបានឡើយ។ លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក៏ដូចជាលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ មិនត្រូវមើលរំលងបញ្ហានេះទេ ៕