ភ្នាក់ងារគយនៅច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តាមរយៈការឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅស្រុកយួនតាម ច្រកព្រំដែន និងច្រករបៀងដែលខ្លួនគ្រប់គ្រង គឺលោក នឹម ផល្លី ប្រមូលលុយបានយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ថ្មីៗនេះលោក នឹម ផល្លី ទិញវីឡាស្កឹមស្កៃមួយនៅតំបន់បឹងស្នោ ខណ្ឌច្បារអំពៅ មានតម្លៃរហូតដល់ទៅ៧០ម៉ឺនដុល្លារ ហើយលុយនោះត្រូវបានគេដឹងថា ទទួលពីក្រុមឈ្មួញដឹកឈើ?។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនគួរមើលរំលងនោះទេ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់។
រយៈពេលប៉ុន្មានកន្លងទៅនេះករណីលោក នឹម ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃុបឃិតបើកដៃឲ្យឈ្មួញនាំចេញឈើប្រណីតតាមច្រករបៀងតាដោក និងក្រវៀន ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចាត់វិធានការទៅលើមន្ត្រីពុករលួយដូចជាលោក នឹម ផល្លី នៅឡើយទេ។ ហេតុនេះហើយទើបមជ្ឈដ្ឋាននានារិះគន់ថា វិធានការកែទម្រង់ស៊ីជម្រៅរបស់ស្ថាប័នគយ គឺជារឿងឥតន័យព្រោះមន្ត្រីគយនៅច្រកព្រំដែន បន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដដែល។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមួយចំនួននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះលោក នឹម ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទន្លេចាម បានឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនយ៉ាង ពេញបន្ទុក។ ក្នុងមួយយប់ៗយ៉ាងហោចណាស់មានរថយន្តយីឌុប២ទៅ៣គ្រឿងដឹកឈើប្រណីត ចេញទៅស្រុកយួនតាមច្រករបៀងតាដោក ច្រករបៀងក្រវៀន ហើយលោក នឹម ផល្លី រង់ចាំទទួលផលប្រយោជន៍យ៉ាងសុខស្រួលពីសំណាក់ក្រុមឈ្មួញម្ចាស់ឈើ។ ទន្ទឹមនឹងនេះការដែលឈ្មួញអាចដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន គឺមានការឃុបឃិតជាមួយលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយផងដែរ។