រាជធានីភ្នំពេញ ៖ប្រភពព័ត៌មានដែលធ្លាយចេញ ពីទីចាត់ការគយនិងរដ្ឋាករបានឲ្យដឹងថា មេឈ្មួញទាំង២នាក់ដែលរកស៊ីរត់ពន្ធទូរស័ព្ទទំនើបៗ ចូលក្នុងប្រទេសកម្ពុជារួមមាន តាវែង ដែលជាមិត្តភក្តិជិតដិតរបស់លោក ប៉ែន សំអាត ជាមន្ត្រីគយដ៏មានអំណាច និងឥទ្ធិពលប្រចាំប្រទេសកម្ពុជា និងម្នាក់ទៀតឈ្មោះ ថៃ គីណូ។ ឈ្មួញធំៗទាំង ២នាក់នេះ បានរកស៊ីនាំចូលទូរស័ព្ទគេចពន្ធទាំងវ៉ាលីៗ ក្នុងមួយខែៗមិនដឹងជាប៉ុន្មានជើងទេ ហើយសម្រាប់មេឈ្មួញ ថៃ គីណូ បានរកស៊ីនាំចូលទូរស័ព្ទគេចពន្ធ តាមច្រកផែកែវផុស ដោយបង្កប់ក្នុងកុងតឺន័រ ឬទំនិញផ្សេងៗ ហើយគេដឹងថាជំនាញគយ និងប្រធានច្រកទាំងនោះ ទទួលបានផលប្រយោជន៍ ពីការរត់ពន្ធទូរស័ព្ទ ទើបអ្វីៗចេះតែរលូនល្អ។
មេ ឈ្មួញដ៏មានឥទ្ធិពលទាំងនោះ សុទ្ធសឹងជាមនុស្សជិតដិត និងមានទំនាក់ទំនងល្អជាមួយមន្ត្រីគយធំៗ ហើយការនាំចូលទូរស័ព្ទស៊េរីទំនើបៗគេចពន្ធ កើតមានរាប់ទសវត្សរ៍មកហើយ មិនដែលមានការបង្ក្រាបទេ បើទោះបីជាមេឈ្មួញរត់ពន្ធទូរស័ព្ទទំនើបៗទាំងនោះ ជំនាញគយបានស្គាល់មុខសញ្ញា យ៉ាងច្បាស់ដូចថ្ងៃ ក៏មិនដែលមានការបង្ក្រាប ក៏ព្រោះតែពួកគេមានទំនាក់ទំនង ចែករំលែកផលប្រយោជន៍ ជាមួយគ្នាជាប់ជាប្រចាំ ។
ដោយឡែក តាវែង ដែលជាមិត្តភក្តិជិតដិតរបស់លោក ប៉ែន សំអាត បានរកស៊ីរត់ពន្ធទូរស័ព្ទទំនើបៗ ចូលតាមច្រកព្រលានយន្តហោះ ហើយកាលពីមុនធ្លាប់លួចនាំចូល ទូរស័ព្ទគេចពន្ធតាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ប៉ុន្តែនៅពេលដែលលោក ខៀវ សំអាន ទារសេវាខ្ពស់ពេក ទើប តាវែង បានបង្វែរការរត់ពន្ធទូរស័ព្ទ ទៅតាមច្រកព្រលានយន្តហោះ ខេត្តសៀមរាប ដែលនៅទីនោះ មានលោក អង សុខិណោ ជាប្រធានការិយាល័យគយនិងរដ្ឋាករ និងលោក សួន សុជាតិ ជាប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកនេះជាអ្នកជួយសម្របសម្រួល ឲ្យមានភាពរលូនល្អ មិនដែលមាននរណាហ៊ានប៉ះពាល់ទេ ហើយក្នុងមួយខែៗ តាវែង បាននាំចូលទូរស័ព្ទគេចពន្ធ តាមច្រកនេះជាច្រើនជើង។
តាវែង មិនដែលក្រែងញញើត ចំពោះការនាំចូលទូរស័ព្ទគេចពន្ធ តាមច្រកព្រលានយន្តហោះខេត្តសៀមរាប មកលក់ចែកចាយនៅរាជធានីភ្នំពេញ យ៉ាងអនាធិបតេយ្យនោះទេ ហើយគេរកឃើញកំហុស ២យ៉ាងរបស់តាវែង គឺទី១ ការនាំចូលទូរស័ព្ទទំនើបៗ ដោយបំពានលើសិទ្ធិនាំចូលរបស់ក្រុមហ៊ុនស្របច្បាប់ និងទី២ ការគេចពន្ធបំផ្លាញ ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ អំពើរត់ពន្ធទូរស័ព្ទ របស់តាវែង ត្រូវបានបែកធ្លាយ និងមានភស្តុតាងយ៉ាងជាក់លាក់ បន្ទាប់ពីកម្លាំងអាវុធហត្ថស្រុកស្ទោង បានប្រដេញចាប់ រថយន្តទំនើបម៉ាករ៉ង់រូវ៉ែ ពណ៌ស អត់ស្លាកលេខមួយគ្រឿង កាលពីវេលាម៉ោង ២២និង១៥នាទី យប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយឆែកឆេររកឃើញ វ៉ាលីពណ៌ខ្មៅធំៗចំនួន៤ មានផ្ទុកទូរស័ព្ទម៉ាក អិលជី និងសាំស៊ុង ចំនួន១៤៨៣គ្រឿង។
បន្ទាប់ពីមានការបែកធ្លាយរឿងនេះ គេយល់ថា លោក ប៉ែន ស៊ីម៉ន ជាអគ្គនាយកគយនិងរដ្ឋាករ មេត្តាស្រាវជ្រាវឡើងវិញផង ដើម្បីនាំមន្ត្រីពុករលួយ ឃុបឃិតឲ្យមានអំពើរត់ពន្ធទំនិញ បំផ្លាញចំណូលថវិកាជាតិ ទៅដាក់ទោសតាមច្បាប់៕