មន្ត្រីរាជការនិងពលរដ្ឋក្នុងស្រុកកែវសីមា បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើក្រោមឰឱវាទរបស់ខ្លួនត្រូវបានលោក ជុយ សុឃាង ទុកចោលមិនឲ្យបំពេញការងារតាមតួនាទីក្នុងការទប់ស្កាត់បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ឡើយ។ ផ្ទុយទៅវិញលោក ជុយ សុឃាង បានយកសាច់ញាតិបងប្អូនរបស់ខ្លួនឲ្យដើរប្រមូលលុយពីម្ចាស់រថយន្ត ដឹកឈើ និងអ្នកដឹកឈើតាមម៉ូតូស្រេចតែអំពើចិត្តគ្មានញញើតអ្វីទាំងអស់។ សាច់ញាតិបងប្អូនរបស់លោក ជុយ សុឃាង កំពុងធ្វើសកម្មភាពប្រមូលលុយពីឈ្មួញជាម្ចាស់រថយន្តដឹកឈើ និងអ្នកដឹកឈើតាមម៉ូតូយ៉ាងក្រអឺតក្រទម ហើយបើអ្នកណាមិនបង់លុយតាមការកំណត់ទេនោះ ប្រាកដជាទទួលរងនូវការគំរាមកំហែងបង្ក្រាបចៀសមិនផុតឡើយ។
លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា កំពុងល្បីល្បាញខាងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើត អ្វីទាំងអស់ ដែលទង្វើបែបនេះកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពី មន្ត្រីក្រោមឱវាទ។ អ្វីដែលអាក្រក់បំផុតនោះ គឺលោក ជុយ សុឃាង មិនប្រើមន្ត្រីរដ្ឋបាលព្រៃឈើក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបំពេញ តួនាទីនោះឡើយ ហើយបែរជាយកសាច់ញាតិបងប្អូនមកប្រើប្រាស់ជំនួសមន្ត្រីជំនាញដោយមិន ខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រការនេះលោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ជាបន្ទាន់។
ទីតាំងដែលបងប្អូនសាច់ញាតិរបស់លោក ជុយ សុឃាង ធ្វើការជំនួសមន្ត្រីរដ្ឋបាលព្រៃឈើដែលមានក្របខ័ណ្ឌ គឺនៅចំណុចកែងផ្លូវបត់ចូលសាលាស្រុកកែវសីមាចាស់ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ក្នុងភូមិអូរអាម ឃុំអូរណា ស្រុកកែវសីមា។ មន្ត្រីរាជការក្នុងស្រុកកែវសីមា បានឲ្យដឹងថា សាច់ញាតិបងប្អូនលោក ជុយ សុឃាង ស្លៀកពាក់ស៊ីវិល ហើយមានសិទ្ធិប្រើរថយន្តរបស់រដ្ឋបាលព្រៃឈើមានពាក់ស្លាកលេខ ភ្នំពេញ2E-3013 ដើម្បីធ្វើសកម្មភាពជំរិតយកលុយពីម្ចាស់រថយន្តដឹកឈើ និងពីអ្នកដឹកឈើតាមម៉ូតូ ដោយគ្មានការលើកលែងនោះទេ៕