ពលរដ្ឋនិងមន្ត្រីរាជការក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ក្រៅពីល្បែងភ្នាល់ទឹកភ្លៀង គឺល្បែងភ្នាល់បាល់ទាត់ក៏កំពុងរាលដាលយ៉ាងអនាធិបតេយ្យផងដែរ ក្នុងខណៈបាល់ទាត់ដណ្ដើមជើងឯកនៅតំបន់អឺរ៉ុបជិតឈានមកដល់។ ដោយសារតែល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកក្នុងក្រុងបាត់ដំបងដូច សព្វថ្ងៃនេះ ទើបបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម លួចប្លន់ គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ កើតឡើងគួរឲ្យព្រួយបារម្ភ។ ចំណែកមេល្បែងភ្នាល់ទឹកភ្លៀងឈ្មោះ តាល់ និងបក្ខពួក ព្រមទាំងមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពុករលួយក្នុងមួយថ្ងៃៗប្រមូលលុយរាប់ម៉ឺនរាប់សែន ដុល្លារ យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ ប្រការនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនត្រូវមើលរំលងតទៅទៀតទេ ព្រោះល្បែងភ្នាល់ទឹកភ្លៀងនៅក្រុងបាត់ដំបង កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ប្រភពពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ល្បែងភ្នាល់ទឹកភ្លៀងកំពុងត្រូវគេបើកលេងយ៉ាងពេញបន្ទុកនៅម្ដុំ ខាងក្រោយផ្សារភូពុយ ឬខាងក្រោយវត្តទួលដូនពុក ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ មេល្បែងភ្នាល់ទឹកភ្លៀងក្នុងតំបន់នេះ ត្រូវគេស្គាល់ថាឈ្មោះ តាល់ ដែលជាប្អូនធម៌របស់លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង ដែលល្បីល្បាញខាងពុករលួយនិងធ្វើអ្វីៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ហេតុនេះហើយទើបឈ្មោះ តាល់ អាចបើកល្បែងភ្នាល់ទឹកភ្លៀងតាមអំពើចិត្ត និងមានដៃស្ដាំម្នាក់ឈ្មោះ ជ្រុង គឺជាអ្នកគ្រប់គ្រងកូនកញ្ច្រែងជាច្រើនកន្លែង។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះមន្ត្រីរាជការក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង សុទ្ធតែបានដឹងយ៉ាងច្បាស់ពីរឿងឈ្មោះ តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងនៅភូមិអញ្ចាញ សង្កាត់អូរចារ។ ប៉ុន្តែសង្ស័យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តបាត់ដំបង ទទួលផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីមេល្បែងភ្នាល់ទឹកភ្លៀង ទើបមិនចាត់វិធានការបង្ក្រាប ហើយបណ្ដោយឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រភពបានឲ្យដឹងទៀតថា មួយរយៈពេលចុងក្រោយនេះមានអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងយ៉ាង គគ្រឹកគគ្រេង ហើយមានអ្នកខ្លះយកអង្រឹងទៅចងតាមដើមឈើក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ដើម្បីមើលមេឃទៀតផង។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង ត្រូវបានដកហូតចេញពីតំណែង ហើយទៅកាន់តួនាទីជាអនុប្រធានការិយាល័យកណ្ដាល ភស្ដុភារនិងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ តំណែងអធិការនគរបាលក្រុងបាត់ដំបង ត្រូវបានទៅលើលោក ប៉ាង ហៀង អតីតអធិការរងស្រុកសង្កែហើយការផ្លាស់ប្ដូរតំណែងនេះបានធ្វើឲ្យប្រជាពលរដ្ឋក្រុងបាត់ដំបង សាទរយ៉ាងខ្លាំង។