ឧក​ញ៉ា ​ឈាង​ ប៉ាក់​សួ ធ្វើបាប​ប្រជាពល​រដ្ឋក្នុង​ឃុំត្រើយ​ស្លាយ៉ាង​ខ្លាំងដោយ​អាង​អំណា​ច?

ប្រជាពលរដ្ឋ​ចង់​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​អាជ្ញាធរខេត្ត បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿង​លក់​ដីឡូត៍​នេសាទ​លេខ​៣​នៅក្នុង​ភូមិ​ទួល​ក្ដី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ដែល​ខ្លាច​ការគំរាមកំហែងរ​បស់​ក្រុមហ៊ុន​ឧកញ៉ា ឈាង ប៉ាក់​សួ អ្នកខ្លះ​មិន​ហ៊ាន​ចូលទៅ​ដាំ​ដំណាំ​លើដី​នោះ​ដូច​កាលពីមុន​ទៀត​ទេ ហើយ​ដំណាំ​ដែល​ដាំ​ដុះ​រួច​មួយចំនួន​ត្រូវ​ខូចខាត​អស់​គ្មាន​សល់ ព្រោះ​តំណាង​ក្រុមហ៊ុន​ឧកញ៉ា ឈាង ប៉ាក់​សួ បាន​ព្រមាន​ចាប់​ពួកគាត់​ដាក់គុក​ច្រវាក់​។

រឿងរ៉ាវ​ឧកញ៉ា ឈាង ប៉ាក់​សួ ធ្វើបាប​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ក្ដី ហៅ​ពាម​សូ ក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ហើយ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ជួយ​ដោះស្រាយ​ពួកគាត់​ ​។ តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ក្ដី ឃុំ​ត្រើយ​ស្លា បាន​សម្ដែង​ការខឹង​សម្បា​ចំពោះ​អាជ្ញាធរ​ឃុំ​ត្រើយ​ស្លា និង​ក្រុមហ៊ុន​ឧកញ៉ា ឈាង ប៉ាក់​សួ ដែល​បាន​ធ្វើទុក្ខបុកម្នេញ​ហាមឃាត់​មិន​ឲ្យ​ពួកគាត់​ប្រមូល​ផលដំណាំ​ក្នុង​ ចម្ការ​ដែល​ពួកគាត់​បាន​ដាំ​ដុះ ព្រោះ​ដំណាំ​ទាំងនោះ​ត្រូវ​ពួកគាត់​ចងការ​លុយ​ពី​ធនាគារ​យកមក​ដាំ​ដុះ​ បង្កបង្កើនផល​។ បញ្ហា​នេះ​អាជ្ញាធរ​ស្រុក​ស្អាង និង​អាជ្ញាធរ​ខេត្តកណ្ដាល គួរ​ចាត់វិធានការ​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាបន្ទាន់​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ដីធ្លី​មានទំនាស់​នោះ​ពួកគាត់​បាន​កាប់ឆ្ការ​អា​ស្រ័យ​ផល​តាំងពី​ពេល​ រដ្ឋាភិបាល​កាត់​ឡូត៍​នេសាទ​មកម្ល៉េះ ស្ថិតនៅក្នុង​តំបន់​ឡូត៍​លេខ​៣ ហើយ​ពួកគាត់​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​ជា​រៀងរាល់ឆ្នាំ​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​គ្មាន​បំណង​កាន់កាប់​ដី​នោះ​ជា​កម្មសិទ្ធិ​ទេ ហើយ​ពេលណា​រដ្ឋ​ដកហូតយក​វិញ​ពួកគាត់​យល់ព្រម​តាម​ជាក់ស្ដែង ហើយ​ច្រើន​ឆ្នាំ​កន្លងមកនេះ​ពួកគាត់​បង្កបង្កើនផល​ដោយ​មិនមាន​មន្ត្រី​ អាជ្ញាធរ​ណា ឬ​បុគ្គល​ណា​ចូលមក​ហាមឃាត់​ឡើយ​។ ទើបតែ​ថ្មីៗ​នេះ​ស្រាប់តែ​តំណាង​ក្រុមហ៊ុន​ឧកញ៉ា ឈាង ប៉ាក់​សួ ឈ្មោះ លាន់ ឡា បានមក​អះអាងថា​ដី​នេះ​ជា​របស់​ឧកញ៉ា ឈាង ប៉ាក់​សួ ហើយ​បាន​ហាមឃាត់​មិន​ឲ្យ​ដាំ​ដុះ​លើដី​នេះ​បន្តទៀត ព្រមទាំង​ព្រមាន​ចាប់​ដាក់គុក​ច្រវាក់​យ៉ាង​កំរោល​ទៀតផង​។

ដោយសារតែ​ទទួលរង​នូវ​ការគំរាមកំហែង​បែបនេះហើយ ទើប​ប្រជាពលរដ្ឋ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ស្អាង ក៏ដូចជា​ពី​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ឲ្យ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា ឈាង ប៉ាក់​សួ មក​គំរាមកំហែង​ពួកគាត់​តាម​អំពើ​ចិត្ត​ទៀត​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ដី​នោះ​ជា​តំបន់​ឡូត៍​នេសាទ​លេខ​៣​ជា​ដី​របស់​រដ្ឋ​សម្រាប់​ទុក​ឲ្យ​ពួកគាត់ ​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ចុះ​ហេតុអ្វី​បានជា​ក្រុមហ៊ុន​ឧកញ៉ា ឈាង ប៉ាក់​សួ អះអាងថា​ជា​ដី​កម្មសិទ្ធិ​របស់ខ្លួន​ទៅវិញ​។

29-08-2013-21