ប្រភពពីសមត្ថកិច្ចមួយចំនួននៅច្រកបាវិតបានឲ្យដឹងថា នៅច្រកនេះនរណាក៏ស្គាល់ឈ្មោះ សីហា ដែលជាក្មួយរបស់លោក ខាត់ សារ៉ាត់ ជននេះទទួលបានអំណាចពិសេសពីពូរបស់ខ្លួន ហើយអាចធ្វើអ្វីៗតាមអំពើចិត្ត ជាពិសេសរឿងប្រមូលលុយពីម្ចាស់រថយន្តដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងពីឈ្មួញនាំចូលទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់។ ជាងនេះទៅទៀតក្រុមហ៊ុនរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ចេញចូលតាមច្រក បាវិត សុទ្ធតែឃុបឃិតជាមួយឈ្មោះ សីហា ដើម្បីសម្រួលមុខរបររបស់ខ្លួនព្រោះឈ្មោះ សីហា នេះគឺជាតំណាងរបស់លោក ខាត់ សារ៉ាត់ ពេញមុខតែម្តង។ ប្រភពបានបង្ហើបឲ្យដឹងថា រថយន្តដឹកភ្ញៀវទេសចរណ៍ចេញចូលតាមច្រកបាវិតត្រូវបង់លុយក្នុង១ គ្រឿង១០ទៅ២០ដុល្លារ ហើយត្រូវដកលុយនេះ១ម៉ឺនទៅ២ម៉ឺនរៀលឲ្យលោក សីហា ។
ប្រហែលជាមានទំនាស់ផលប្រយោជន៍ទើបសមត្ថកិច្ចនៅច្រកអន្តរជាតិ បាវិតមួយចំនួន បានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារអន្តរជាតិបាវិតជាសាធារណៈ ជាពិសេសពាក់ព័ន្ធទៅនឹងការបើកដៃឲ្យក្មួយឈ្មោះ សីហា ធ្វើអ្វីៗតាមអំពើចិត្ត។ បញ្ហានេះជារឿងដែលថ្នាក់លើមិនត្រូវមើលរំលងនោះទេ ព្រោះលោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារអន្តរជាតិបាវិត កំពុងបណ្ដោយឲ្យក្មួយរបស់ខ្លួនឈ្មោះ សីហា ប្រមូលលុយតាមគ្រប់រូបភាពយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខ ស្រួល។ ជាពិសេសការនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ក៏មានជាប់ពាក់ព័ន្ធជាមួយលោក ខាត់ សារ៉ាត់ និងក្មួយប្រុសឈ្មោះ សីហា ដែលជាកូនអភិបាលរងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ក្រុមហ៊ុនរថយន្តក្រុងព្រៃវែង ដែលសម្បូរភ្ញៀវដឹកចេញចូលតាមច្រកអន្តរជាតិបាវិតច្រើនជាងគេ គឺក្រុមហ៊ុនវ៉ាងរ៉ិច ហើយអ្នកបើកបររថយន្តក្រុងក្រុមហ៊ុននេះមានទំនាក់ទំនងយ៉ាងល្អជាមួយ ឈ្មោះ សីហា ដែលពូកែខាងប្រមូលលុយក្រោមតុ។ ប្រភពបានបង្ហើបថាកាលពីថ្ងៃទី១៨ ខែមិថុនា រថយន្តក្រុងក្រុមហ៊ុនវ៉ាងរ៉ិច ដឹកភ្ញៀវពេញហើយក្នុងចំណោមភ្ញៀវទាំងអស់នោះ គឺ១១នាក់អស់មានលិខិតឆ្លងដែន ប៉ុន្តែអ្នកបើកបររថយន្តសម្របសម្រួលបង់ប្រាក់ឲ្យលោក សីហា ទើបគេអាចចូលស្រុកខ្មែរយ៉ាងរលូន។ ជាងនេះទៅទៀតរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនវ៉ាងរ៉ិច ដែលបង្កប់ទំនិញគេចពន្ធនៅបាតខាងក្រោមយ៉ាងច្រើន ដោយម្ចាស់រថយន្តត្រូវបង់លុយឲ្យឈ្មោះ សីហា តាមការកំណត់។
ប្រភពពីសមត្ថកិច្ចតូចតាចនៅច្រកបាវិតបានឲ្យដឹងទៀតថា រថយន្តកុងទឺន័រចេញចូលឆ្លងដែនដឹកទំនិញត្រូវបង់លុយឲ្យលោក សីហា ពី១៥០០ទៅ៣០០០ដុល្លារអាមេរិកទើបអាចដំណើរការយ៉ាងរលូន?។ ឥឡូវនេះលោក ខាត់ សារ៉ាត់ មិនប្រើប្រាស់មន្ត្រីក្រោមឱវាទឲ្យធ្វើការតាមតួនាទីនោះទេ គឺប្រើតែក្មួយរបស់ខ្លួនឈ្មោះ សីហា ដើម្បីងាយស្រួលក្នុងការប្រមូលផលប្រយោជន៍តាមរបៀបពុករលួយ ៕