តាមការអះអាងរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ដូចរៀបរាប់ឈ្មោះខាងលើ បានឲ្យដឹងថា សកម្មភាពឈ្មួញឈូសឆាយបំផ្លាញព្រៃលិចទឹក ហើយជីករណ្ដៅដីធំៗដឹកជញ្ជូនអាចម៍ដីធ្វើអាជីវកម្មនោះ បានកើតមានយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋសង្ស័យថាមន្ត្រីអាជ្ញាធរសង្កាត់ អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តសៀមរាប ទំនងជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីឈ្មួញធ្វើអាជីវកម្មរណ្ដៅដី ទើបពួកគេរក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យបទល្មើសរាលដាលកាន់តែ ខ្លាំងក្លា។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ព្រៃលិចទឹករាប់រយហិកតាត្រូវបានបំផ្លាញ ហើយនៅក្នុងតំបន់នោះមានរណ្ដៅដីធំៗជាច្រើនកន្លែងជម្រៅជ្រៅៗ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជម្រកត្រីពងកូន ក៏ដូចជាបរិស្ថានធ្មំជាតិ។
ប្រជាពលរដ្ឋរស់នៅសង្កាត់សំបួរ សង្កាត់សៀមរាប សង្កាត់ស្វាយដង្គំ និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះឈ្មួញប្រមាណ១០នាក់បានប្រើ គ្រឿងចក្រឈូសឆាយបំផ្លាញព្រៃលិចទឹក និងជីករណ្ដៅយកអាចម៍ដីលក់យ៉ាងពេញបន្ទុកដោយពុំមានមន្ត្រីជំនាញឬ មន្ត្រីអាជ្ញាធរចាត់វិធានការទប់ស្កាត់ឡើយ។ តំបន់ដែលកើតមានបទល្មើសយ៉ាងគគ្រឹកគគ្រេង គឺព្រៃលិចទឹកចំណុចខាងជើងភ្នំក្រោម សង្កាត់ចុងឃ្នៀស ហើយច្រើនឆ្នាកន្លងមកនេះមិនទាន់ឃើញមន្ត្រីមន្ទីររ៉ែនិងថាមពល ក៏ដូចជាមន្ត្រីអាជ្ញាធរសង្កាត់ អាជ្ញាធរក្រុងសៀមរាប ចាត់វិធានការទប់ស្កាត់នៅឡើយទេ។ សូម្បីតែលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ក៏ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះបទល្មើសឈូសឆាយព្រៃលិចទឹក និងរណ្ដៅដីជម្រៅដល់ក្បាលប្រេតនោះដែរ។
មន្ត្រីរាជការសាលាក្រុងសៀមរាបមួយចំនួនបានលើកឡើងថា កន្លងមកប្រជាពលរដ្ឋតែងតែបិទផ្លូវតវ៉ាដោយសារក្រុមហ៊ុនអាជីវកម្ម រណ្ដៅដីបានប្រើប្រាស់រថយន្តដឹកដីធំៗធ្វើឲ្យខូចផ្លូវលំក្នុង មូលដ្ឋាន និងមានធូលីដីហុយសំពោងពេញភូមិ។ មន្ត្រីរាជការសាលាក្រុងសៀមរាប ក៏បានបង្ហាញការសង្ស័យដែរថាលោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប ក៏ដូចជាមន្ត្រីរដ្ឋបាលជលផលក្រុងសៀមរាប និងប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ប្រហែលទទួលបានផលប្រយោជន៍យ៉ាងច្រើនពីក្រុមឈ្មួញបំផ្លាញព្រៃលិចទឹក និងធ្វើអាជីវកម្មរណ្ដៅដីទើបមិនចាត់វិធានការទប់ស្កាត់បទល្មើសដែល រាលដាលកាន់តែខ្លាំងឡើងៗ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវថា ប្រសិនបើលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មិនជាប់ពាក់ព័ន្ធផលប្រយោជន៍ទេនោះ គួរចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃលិចទឹក និងអាជីវកម្មរណ្ដៅដីក្នុងសង្កាត់សំបួរ សង្កាត់សៀមរាប សង្កាត់ស្វាយដង្គំ និងសង្កាត់ចុងឃ្នៀស កុំឲ្យរាលដាលតទៅទៀត៕