សមត្ថ​កិច្ចច្រ​កង៉ាំយូ​លិត​ បើកភ្លើង​ខៀវ ​ឲ្យឈ្មួញ​ដឹកឈើខុស​ច្បាប់ទៅ​លក់ស្រុក​យួន?

ប្រជា​សហគមន៍​ ការពារ​ព្រៃឈើ​ស្រុក​កែវ​សីមា  បាន​ឲ្យ​ដឹងថា​រយៈពេល ​ប្រមាណ​៣​ខែ​កន្លង ទៅនេះ​ឈ្មួញ​ នៅតែ​បន្តសកម្មភាព​  ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ ស្រុក​កែវ​សីមា យកទៅលក់​នៅ ​ស្រុក​យួន​តាម​ច្រករបៀង​ ង៉ាំ​យូ​លិ​ត ដោយ​គ្មាន ​ញញើត​អ្វី​ទាំងអស់ ​។ ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ ជាពិសេស​មន្ត្រី​យោធា និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ក្នុងស្រុក​កែវ​សីមា តែងតែ​បិទបាំង​ការពិត​រឿង​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​តាម​ច្រករបៀង​ង៉ាំ​យូ​លិ​ត​។ រីឯ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ បញ្ហា​ដែល​គួរ​ឲ្យ​ងឿងឆ្ងល់​នោះ គឺ​សមត្ថកិច្ច​បានដឹង​យ៉ាងច្បាស់​ថា​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​យូ​លិ​ត ជា​មន្ត្រី​យោធា​ឈ្មោះ វ៉ាត ប៉ុន្តែ​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

 

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​ជាពិសេស​នៅពេល​យប់​ឈ្មួញ​ធ្វើ​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​យូ​លិ​ត តាម​រថយន្ត​មិនតិចជាង​៥​ទៅ​១០​គ្រឿង​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ច្រករបៀង​ង៉ាំ​យូ​លិ​ត ស្រុក​កែវ​សីមា គ្រប់គ្រង​ដោយ​លោក ទា ខូវ​ម៉េង មេបញ្ជាការ​កងអនុសេនាធំ​លេខ​២ និង​លោក ប៊ូល សំអុល មេ​ប៉ុស្ដិ៍​ឡា​បា​ខេ​។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​កាលពី​យប់​ថ្ងៃទី​២៥​ឈានចូល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា មាន​រថយន្ត​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​យូ​លិ​ត ជាច្រើន​គ្រឿង​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្រែ​ខ្ទុ​ម បាន​ឲ្យ​ដឹង​ទៀតថា​រថយន្ត​ដឹកឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ទៅ​លក់​នៅ​ ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​យូ​លិ​ត បាន​បើកបរ​ឆ្លង​កាត់មុខ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា មុខ​ស្នាក់​ការអភិរក្ស​ជីវៈចម្រុះ​សីមា មុខ​ស្នាក់ការ​បរិស្ថាន​ស្រុក និង​មុខ​ស្នាក់​ការបញ្ជា​ការការពា​រ​ព្រំដែន​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូច​រៀបរាប់​ខាងលើនេះ មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​ យួន​តាម​ច្រករបៀង​ង៉ាំ​យូ​លិ​ត​នោះទេ ប្រហែលជា​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ក្នុងនោះ​លោក ទា ខូវ​ម៉េង មេបញ្ជាការ​កងអនុសេនាធំ​លេខ​២ និង​លោក ប៊ូល សំអុល មេ​ប៉ុស្ដិ៍​ឡា​បា​ខេ ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យថា ជា​អ្នកទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ដឹកឈើ និង​បែងចែក​ទៅ​ថ្នាក់លើ​តាម​លំដាប់លំដោយ៕

car-keo-tim1