កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ឈ្មួញឈ្មោះ ពឿន បានដឹកជញ្ជូនឈើ៦រថយន្តចេញពីតំបន់ព្រៃឡង់យកទៅចែកចាយក្នុងស្រុក បារាយណ៍ ហើយសមត្ថកិច្ចនៅតាមដងផ្លូវនាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វី ទាំងអស់។ មានប្រភពខ្លះបានបង្ហើបឲ្យដឹងថាឈ្មួញឈ្មោះ ពឿន ត្រូវជាក្មួយប្រសារបស់លោក ងួន ញ៉ិល ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជន ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តមិនញញើតនឹងចំណាត់ការរបស់សមត្ថ កិច្ច។ ដោយសារតែសមត្ថកិច្ចដឹងថាឈ្មួញឈ្មោះ ពឿន ទើបបណ្ដោយឲ្យឈ្មួញរូបនេះដឹកជញ្ជូនឈើចេញពីព្រៃឡង់ទៅចែកចាយ ក្នុងស្រុកបារាយណ៍ ធ្វើឲ្យព្រៃឡង់ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅតែប្រឈមនឹងការបំផ្លាញ។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ បានឲ្យដឹងថាឈ្មួញឈ្មោះ ពឿន ដែលមានខ្នងបង្អែករឹងមាំនៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដី ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចូលមកឃុំកំពង់ថ្ម ស្រុកបារាយណ៍ ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ ។ ប្រជាពលរដ្ឋរស់នៅឃុំកំពង់ថ្ម ស្រុកបារាយណ៍ បានឲ្យដឹងថាឈ្មួញឈ្មោះ ប៉ិលពឿន តែងប្រើប្រាស់រថយន្តចំនួន៦គ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញពីតំបន់ ព្រៃឡង់មកចែកចាយតាមដេប៉ូនៅឃុំកំពង់ថ្ម ច្រើនឆ្នាំមកហើយ។ ឈើដែលឈ្មួញឈ្មោះ ពឿន ដឹកជញ្ជូននោះត្រូវគេដឹងថាជាឈើខុសច្បាប់ ដឹកចេញពីព្រៃឡង់ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនហ៊ានទប់ស្កាត់នោះទេ ព្រោះខ្លាចឥទ្ធិពលអ្នកមានអំណាចដែលនៅពីក្រោយខ្នងឈ្មួញរូបនេះ។
មន្ត្រីរាជការក្នុងស្រុកបារាយណ៍ បានបង្ហើបឲ្យដឹងថា រយៈពេលច្រើនឆ្នាំមកហើយដែលឈ្មួញឈ្មោះ ពឿន ប្រកបរបរដឹកជញ្ជូនឈើខុសច្បាប់ពីស្រុកសណ្ដាន់ មកចែកចាយតាមដេប៉ូនៅស្រុកបារាយណ៍ ជាពិសេសនៅឃុំកំពង់ថ្ម ហើយមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ និងស្រុកបារាយណ៍ មិនហ៊ានប៉ះពាល់ឈ្មួញរូបនេះទេ។ សូម្បីតែលោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ពឿន ដោយសារដឹងថាឈ្មួញរូបនេះជាក្មួយប្រសារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលប្ដេជ្ញាទប់ស្កាត់បទល្មើសព្រៃឈើនោះ ចាត់វិធានការបង្ក្រាបឈ្មួញឈើឈ្មោះ ពឿន ជាបន្ទាន់ផង ៕