ក្រុមអ្នករត់ការទំនិញវិនិយោគនៅការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានលើកឡើងថា ការិយាល័យគយនិងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមការគ្រប់គ្រង របស់លោក ហ៊ីវ សុធារិទ្ធ ពោរពេញដោយអំពើពុករលួយជាលក្ខណៈប្រព័ន្ធ។ ប្រភពដដែលបានបញ្ជាក់ថាអំពើពុករលួយបានប្រព្រឹត្តក្រោមរូបភាពជាច្រើន ពិសេសការគាបសង្កត់ទាំងឯកសារស្របច្បាប់របស់ផ្នែកទំនិញវិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោងច្រកកាត់ដេរដោយករណីខ្លះលោក ហ៊ីវ សុធារិទ្ធ បានតម្រូវឲ្យបក្ខពួករបស់ខ្លួនកេងប្រវ័ញ្ចក្នុងប្រយោជន៍ទៅលើឯកសារ ខុសបច្ចេកទេសតិចតួច ឬកិច្ចការងារប្រញាប់ត្រូវទាញយកប្រយោជន៍ លក្ខណៈក្រោមតុកាន់តែច្រើន និងចង់ទៅស៊ីញ៉េកន្លែងណាក៏បាន។ ជុំវិញបញ្ហាខាងលើនេះ មន្ត្រីគយមួយរូបបានរិះគន់ថា បញ្ហាអំពើពុករលួយនៅក្នុងសង្គមកម្ពុជាមិនងាយនឹងលុបបំបាត់នោះទេ ព្រោះ មានលក្ខណៈជាប្រព័ន្ធ ហើយអ្នកប្រព្រឹត្តមានមន្ត្រីស្ទើរតែគ្រប់ជាន់ថ្នាក់។
ការិយាល័យគយនិងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានលោក ហ៊ីវ សុធារិទ្ធ ជាប្រធានត្រូវបានក្រុមឈ្មួញរិះគន់ថានៅតែប្រើប្រាស់អំណាចរបស់ខ្លួន គាបយកលុយខុសគោលការណ៍ច្បាប់នៅឡើយដែលបញ្ហានេះកំពុងបង្ក ការក្តៅក្រហាយដល់ឈ្មួញរកស៊ីបង់ពន្ធស្របច្បាប់ និងឈ្មួញរកស៊ីគេចពន្ធ ព្រោះទាំងឈ្មួញស្អាតស្អំ និងឈ្មួញមិនស្អាតស្អំ ក៏ត្រូវបានបក្ខពួកលោក ហ៊ីវ សុធារិទ្ធ គាបសង្កត់យកលុយតាមគ្រប់រូបភាព ។
មន្ត្រីគយមួយរូបបានបញ្ជាក់ពីរូបភាពពុករលួយមានលក្ខណៈជាប្រព័ន្ធ ថាទី១-ត្រូវបង់ចំនួន ៥ដុល្លារ សម្រាប់មន្ត្រីគយទទួលផែនផ្នែកចុះលេខ ឈ្មោះ ធឿន ។ ទី២-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់គណនេយ្យ ឈ្មោះ សារ៉ាន់ ។ ទី៣-បង់ប្រាក់ចំនួន១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យ និងចំនួន១០ដុល្លារ ទៀតផ្នែកកូនចៅមន្ត្រីគយខាងពិនិត្យ។ ទី៤-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះឯកសារ និងទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យជាកិច្ចបង្ហើយឯកសារ ចំនួន ៥ដុល្លារ ។ ដោយឡែកចំពោះ ទំនិញវិនិយោគនាំចេញ ក្នុងមួយឯកសារ ក៏ត្រូវបង់ចំនួន៣៥ដុល្លារ ហើយពួកគេធ្វើការស៊ីសង្វាក់គ្នា ។