ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ប្រជាពលរដ្ឋខ្មែរបានបង្វែរទៅឆ្លងដែនតាមច្រករបៀងក្រោមការគ្រប់គ្រង របស់លោក សូ ចាន់ណារី ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតកាន់តែច្រើនឡើងៗ ក្នុងនោះក៏មានការឆ្លងកាត់របស់ជនជាតិសៀមដែលមានមុខសញ្ញាមិនល្អ ឬមន្ត្រីដែលគេចពីក្រសែភ្នែកសមត្ថកិច្ចរបស់សៀមលួចឆ្លងដែនតាម ច្រករបៀង ចូលមកលេងកាស៊ីណូក្នុងទឹកដីខ្មែរជាហូរហែ។ ប្រភពដដែលបានបញ្ជាក់ថា ជនជាតិសៀមដែលឆ្លងដែនចូលទឹកដីខ្មែរតាមច្រករបៀង អាចប្រព្រឹត្តបទល្មើសផ្សេងៗ ខណៈការឆ្លងដែនរបស់ពួកគេគ្មានលិខិតស្នាម សម្រាប់ការត្រួតពិនិត្យស្របច្បាប់របស់សមត្ថកិច្ចនៃភាគីប្រទេស ទាំងពីរ។
នគរបាលវរៈការពារព្រំដែនលេខ៩១១ ក្រោមការដឹកនាំរបស់លោក សូ ចាន់ណារី កំពុងតែរកប្រភពចំណូលខុសច្បាប់ពីពលករចំណាកស្រុក ទំនិញគេចពន្ធហូរចូល ក្នុងនោះមានទាំងម៉ូតូគេចពន្ធឆ្លងកាត់ផងដែរ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ។ ប្រភពដដែលបានបញ្ជាក់ថា ទំនិញគេចពន្ធមួយចំនួនទៀតមិនមែនជារបស់ឈ្មួញខិលខូចនោះទេ តែគឺជាទំនិញរបស់ លោក សូ ចាន់ណារី មេបញ្ជាការវរការពារព្រំដែនលេខ៩១១ នេះតែម្ដង។
គួរបញ្ជាក់ថា កន្លងមកក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិសភូមិភាគ៥ បានដាក់កម្រិតឲ្យមន្ត្រីនគរបាលតាមព្រំដែនគប្បីទប់ស្កាត់ពលករ ចំណាកស្រុក ទំនិញគេចពន្ធ និងការពារតាមបន្ទាត់ខ្សែព្រំដែនលើបូរណភាពទឹកដីខ្មែរឲ្យមាន ប្រសិទ្ធភាព ស្របតាមគោលការណ៍ច្បាប់។ តែជាក់ស្តែងមន្ត្រីជំនាញមិនបានខ្វល់ខ្វាយពីបទបញ្ជារបស់ មន្ត្រីនគរបាលជាតិជាន់ខ្ពស់នោះទេ គឺពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
ចំពោះមុខបញ្ហាខាងលើនេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ក៏ដូចជា លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩១១ ត្រូវបានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យបញ្ជាក់ថា បានបើកដៃឲ្យនគរបាលគ្រប់គ្រងតាមព្រំដែនមានភាពធូររលុង និងស្វែងរកលាភសក្ការៈ តាមរយៈបទល្មើសផ្សេងៗ .។