ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរនៅក្នុងស្រុកលំផាត់ បានបង្ហើបឲ្យដឹងថាមួយរយៈពេលកន្លងទៅនេះឧកញ៉ា សី បានប្រើប្រាស់កម្លាំងកម្មករយ៉ាងច្រើនចូលទៅកាប់ឈើក្នុង ដែនជម្រកសត្វព្រៃលំផាត់ ដោយពុំមានការទប់ស្កាត់ពីមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានក្នុងតំបន់នេះឡើយ។ ប្រភពបានឲ្យដឹងទៀតថាការដែលឧកញ៉ា សី អាចធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះ គឺមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន សមត្ថកិច្ចពាក់ព័ន្ធនានាដូចជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាដើម ហើយលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គឺជាអ្នកទទួលខុសត្រូវធំជាងគេ។ លើសនេះទៅទៀតលោក ថង សាវុន អភិបាលខេត្តរតនគីរី ក៏ជាប់សង្ស័យទទួលផលប្រយោជន៍ពីឧកញ៉ា សី ដែលជាកូនជឹងរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ផងដែរទើបលោក ថង សាវុន ធ្វើមិនដឹងមិនឮ?
ប្រជាសហគមន៍ការពារព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថាព្រៃឧទ្យានជាតិវីរៈជ័យ ព្រៃដែនជម្រកសត្វលំផាត់ ក៏ដូចជាព្រៃការពារ និងព្រៃអភិរក្សតាមបណ្ដាស្រុកនានាក្នុងខេត្តរតនគិរី កំពុងត្រូវឧកញ៉ា ធី ប្ញទ្ធិសី ប្រើប្រាស់កម្មកររបស់ខ្លួនឲ្យចូលកាប់រំលំអារច្រៀកនិងដឹកជញ្ជូន ធ្វើអាជីវកម្មខុសច្បាប់យ៉ាងពេញបន្ទុក។
ឈ្មួញឈើមួយចំនួនក្នុងខេត្តរតនគិរី បានឲ្យដឹងថាឧកញ៉ា សី បានយកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ជាខ្នងបង្អែកហើយមន្ត្រីរដ្ឋបាលព្រៃឈើតាមបណ្ដាស្រុកនានាក្នុងខេត្ត នេះ ក៏ទទួលផលប្រយោជន៍ជាប្រចាំពីឧកញ៉ា សី ផងដែរទើបពួកគេមិនចាត់វិធានការទប់ស្កាត់។ បញ្ហានេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ប្រសិនបើគ្មានពាក់ព័ន្ធផលប្រយោជន៍ជាមួយឧកញ៉ា សី ទេនោះគួរចាត់វិធានការបង្ក្រាបបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើ ខុសច្បាប់របស់មេឈ្មួញរូបនេះជាបន្ទាន់។ បើមិនដូច្នេះទេឧកញ៉ា សី នឹងធ្វើឲ្យព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជាព្រៃឈើតាមបណ្ដាស្រុកផ្សេងៗទៀតត្រូវវិនាសហិនហោចក្នុងពេល ឆាប់ៗខាងមុខចៀសមិនផុតឡើយ៕