ឈ្មួញ​នាំចូល​​គ្រឿង​ឧបភោគ​បរិភោគ​ខូចគុណភាព​តាមច្រកចាំ​យាម

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ចាំ​ យាម​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ក្រុម​ឈ្មួញ​ដឹក​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ កោះមាន់ ថ្លើម​មាន់ តាម​រទេះ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន ពុំមាន​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ ទប់ស្កាត់​នោះទេ​។ មានការ​រិះគន់​ចំៗ​ថា មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់ទុក​បទល្មើស​នាំចូល​ទំនិញ​ខូចគុណភាព​ហួស​កាលកំណត់​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​មាន​លាយ​សារធាតុ​គីមី គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ ទើប​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ការដែល​ឈ្មួញ​នាំចូល​គ្រឿង​ឧបភោគបរិភោគ​ខូចគុណភាព​មក​ចែកចាយ​ក្នុង​ទីផ្សារ​ ប្រទេស​កម្ពុជា គឺជា​ការបំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀតឡើយ។

ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ខូចគុណភាព​ជាច្រើន​ប្រភេទ ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​ហួស​កាលកំណត់​ប្រើប្រាស់ ឬ​មាន​លាយ​សារ​ធាតុគីមី​ដូចជា សាច់មាន់ ឆ្អឹង​មាន់ ជង្គង់​មាន់ និង​ប្រហិត​ជាដើម ត្រូវ​ឈ្មួញ​បន្ត​នាំចូល​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​អាច​នាំចូល​ទំនិញ​ដូចខាងលើ​នេះ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល ឈ្មោះ ជា នី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ ទើប​អ្វី​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​អំពើពុករលួយ និង​ភាព​អសកម្ម​របស់​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ចាំ​យាម ជាបន្ទាន់​កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

សមត្ថកិច្ច​ពាក់ព័ន្ធ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព​និង​មាន​លាយ​សារ​ ធាតុគីមី​ត្រូវបាន​ឈ្មួញ​នាំចូល​និង​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តកោះកុង និង​ដឹកជញ្ជូន​ទៅដល់​រាជធានី​ភ្នំពេញ​ផងដែរ ដោយ​ពុំមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ​បាន​អះអាងថា ពួកគេ​បង់លុយ​ឲ្យ​មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត ទើប​អាច​នាំចូល​ទំនិញ​ជា​គ្រឿងឧបភោគ​បរិភោគ​តាម​ច្រក​អន្តរជាតិ​ចាំ​យាម មក​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តកោះកុង និង​ទីផ្សារ​បណ្ដា​ខេត្ត​នានា​។

WAT-1508Q