ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរាយការណ៏ ឲ្យដឹងថាទំនិញជាច្រើនប្រភេទនាំចូលតាមច្រកទ្វារអន្តរជាតិ ក៏ដូចជាច្រករបៀងជាច្រើនទៀតនៅខេត្តបន្ទាយមានជ័យ ត្រូវបានរត់ពន្ធធ្វើឲ្យរដ្ឋត្រូវបាត់បង់ចំណូល។ ប៉ុន្តែអំពើរត់ពន្ធនេះ ទទួលផលនៃប្រភពសេដ្ឋកិច្ចលក្ខណៈបុគ្គល បក្ខពួករបស់លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាការខេត្តបន្ទាយមានជ័យ ដែលគេនិយមនិយាយថា អំពើពុករលួយនេះ កើតឡើងជាលក្ខណៈប្រព័ន្ធ តូចទទួលផលតូច ថ្នាក់លើទទួលកម្រៃក្រាស់ រួមគ្នាហែកយកប្រយោជន៍រាល់បទល្មើសទំនិញគេចពន្ធហូរចូល ។
ប្រជាពលរដ្ឋរាយការណ៍បន្តថា គ្រាន់តែពីទីរួមខេត្តបន្ទាយមានជ័យទៅកាន់ក្រុងប៉ោយប៉ែត ក្នុងចម្ងាយដីជាង៤០គីឡូម៉ែត្រ គឺមានកុងត្រូលរបស់ក្រុមគយចល័ត កូនចៅលោក ឆែ សុធា ចំនួន៣កន្លែង ស្ថិតនៅចំណុចសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅចំណុចសាលាក្រហម ស្រុកអូរជ្រៅ និងនៅក្បែរមន្ទីរសាធារណការ និងដឹកជញ្ជូនក្នុងទីរួមខេត្ត ។ ប្រជាពលរដ្ឋបន្ថែមថាការដាក់ក្រុមគយចល័តទាំងនេះ ក្នុងវិធានការទប់ស្កាត់ទំនិញគេចពន្ធ ប្រយោជន៍ប្រមូលពន្ធជូនរដ្ឋ ។ប៉ុន្តែធាតុពិត មិនខុសពីកុងត្រូលជជុះ ជាទម្លាប់រាប់ក្បាលឡានដឹកទំនិញ គិតតាំងពីរថយន្តប្រភេទតាក់ស៊ីតូចតាច រថយន្តក្រុងដឹកអ្នកដំណើរ រថយន្តធុនធំ ជាមួយនឹងការដឹកជញ្ជូនសាច់មាន់ ជ្រូក ផ្លែឈើជាច្រើនទៀត ត្រូវតែមានវត្តមានចូលបង់ប្រាក់ ឬចាត់ចែងទទួលកម្រៃប្រចាំខែជាដើម ។
ក្រុមគយចល័តនៅចំណុចសាលាក្រហមស្រុកអូរជ្រៅ គឺជាក្រុមប្រដេញ សម្រាប់ចាប់រថយន្តណាមួយ ដែលមិនបានចូលបង់លុយ និងកើតទៅជារឿងអាស្រូវបញ្ហាជាញឹកញាប់ជាមួយនឹងក្រុមអ្នករត់តាក់ស៊ី ដែលពួកគាត់ចោទប្រកាន់ថា ជាន់កតែអ្នករត់តាក់ស៊ី ដាក់ទំនិញបន្តិចបន្តួចសម្រាប់ដោះស្រាយក្រពះ។ ប៉ុន្តែចំពោះរថយន្តធំៗ ក៏ដូចជាឈ្មួញខ្សែក្រាស់ៗ គ្មានឃើញវត្តមានមន្ត្រីគយទាំងនោះចាត់វិធានការឡើយ ។
ច្រកអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ ច្រកអូរបីជាន់ ជាមួយនឹងច្រកបឹងត្រកូនផងដែរ ។ពិតជាមានទំនិញគេចពន្ធហូរចូលជាហូរហែ ដែលសកម្មភាពល្មើសច្បាប់ខ្លះ ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់មន្ត្រីគយក្រោមឱវាទលោក ឆែ សុធា ក៏ដូចជាមានករណី បើកភ្លើងខៀវពីលោកមេគយរូបនេះ ។ ក្រៅពីនោះ នៅមានច្រករបៀងជិត១០០កន្លែងទៀត ត្រូវបាននាំចូលទំនិញគេចពន្ធប្រភេទជាហ្គាស ភេសជ្ជៈ ស្រាបៀរ ទំនិញចាប់ហួយ ប្រហិត ត្រី សាច់មាន់ ជ្រូក មួយចំនួនធំ សុទ្ធតែខូចគុណភាព និងប្រើសារធាតុគីមី អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅក្នុងស្រុកបរិភោគផងដែរ ។ ចំពោះច្រកអូរបីជាន់ មានការហូរចូលប្រភេទឈើគ្រញូងពីថៃ និងច្រកបឹងត្រកូនលួចនាំចូលឡានចង្កូតស្តាំជាញឹកញាប់ ។ គេបានរាយការណ៍ថា រថយន្តក្រុងក្រុមហ៊ុនថោងស៊ីង ដឹកអ្នកដំណើរ គឺចេញមុខដឹកទំនិញគេចពន្ធស្ទើរទាំងស្រុង អ្នកដំណើរតិចតួចបំផុត បន្ទាប់ពីក្រុមហ៊ុននេះមានអ្នករត់ការណ៍ផ្លូវសម្រាប់សមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេស គយ នេះតែម្តង បង់តាំងពីមាត់ច្រក គយចល័តគ្រប់កន្លែង និងគយសាខាខេត្ត ក្នុងមួយថ្ងៃៗរាប់សិបឡាន ដោយមានឈ្មួញ ចាំទទួលទំនិញទាំងនោះនៅរាជធានីភ្នំពេញ ។ដោយគ្រាន់តែយកម៉ូតូកង់បីដាក់ឃ្លុបជិតទៅដឹកជញ្ជូន ចេញពីរថយន្តក្រុងយ៉ាងប្រសេកប្រសាចពេលទៀបភ្លឺនៅឯបេនឡាន នាក្រុងភ្នំពេញ ។ រដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូល កើតឡើងដោយមន្ត្រីគយពុករលួយ ខ្វះភាពទទួលខុសត្រូវតាមភារកិច្ច តួនាទី ដូច្នេះគួរណាស់តែថ្នាក់លើពង្រឹងអំពើពុករលួយនេះ មិនមែនមានន័យថា ការដឹកកុងត្រូលជជុះរបស់គយចល័តច្រើនកន្លែង ជាប្រសិទ្ធភាពសម្រាប់ទប់ស្កាត់ទំនិញគេចពន្ធ ឬរកចំណូលពន្ធកើនឡើងចូលរដ្ឋទេ មានតែសកម្មភាពនៃអំពើគាបសង្កត់ឈ្មួញរកស៊ីទៀងត្រង់ និងចាំរាប់ក្បាលឡានដឹកទំនិញ ឬចាំប្រដេញរថយន្តដឹកទំនិញ ដែលមិនចូលបង់លុយតែប៉ុណ្ណោះ ។ បញ្ហាទាំងអស់នេះ បានប្រឈមទៅនឹងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋតាមមូលដ្ឋាន អ្នកធ្វើដំណើរ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែល
មើលឃើញថា កម្ពុជាមានសន្តិភាព ប្រទេសគ្រប់គ្រងដោយច្បាប់ មិនត្រូវមានក្រុមគយចល័តដ៏ប្រសេកប្រសាច គ្រាន់តែដីជាង៤០គីឡូម៉ែត្រសោះ ដាក់ក្រុមគយចល័ត បន្តកន្ទុយគ្នាដូចខ្យង សុទ្ធតែជាអំពើពុករលួយ។
ពាក់ព័ន្ធពត៌មានដែលចោទប្រកាន់ខាងលើនេះ សារពត៌មានយើងរង់ចាំបកស្រាយពីលោកលោក ឆែ សុធារាល់ម៉ោងធើ្វការ៕