ឈ្មួញ​បន្តសក​ម្មភាព​ដឹកជញ្ជូន​ឈើឆ្លង​កាត់ស្រុក​អូរយ៉ាដាវ​ទៅលក់​នៅស្រុក​យួនទាំង​យប់​ទាំងថ្ងៃ

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា បើទោះបី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​ឈ្មួញ​នៅតែ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​យកទៅលក់​ឲ្យ​ឈ្មួញ​ យួន​តាម​ច្រករបៀង​ដូច​មុន​ដដែល ធ្វើ​ឲ្យ​ខូច​ផ្លូវលំ​របស់​សហគមន៍​ពិបាកធ្វើ​ដំណើរ​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ មាន​រថយន្ត​ទេសចរណ៍​តូចៗ​ជាច្រើន​គ្រឿង និង​រថយន្ត​ធុន​ធំ​ត្រូវ​ឈ្មួញ​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ ស្រុក​យួន​តាម​ច្រករបៀង​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​ភូមិ​ឡំ​។ សហគមន៍​ការពារ​ព្រៃឈើ​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ មិនអាច​ទប់ស្កាត់បាន​ទេ ហើយ​បានត្រឹមតែ​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ប៉ុន្តែ​សេចក្ដីរាយការណ៍​របស់​ពួកគាត់​ពុំមាន​ប្រយោជន៍​ ​។

ទោះបី​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​មាន​បញ្ហាលំបាក​ ក្នុងការ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វ៉ើ​ន​សៃ ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ឆ្លងកាត់​ស្រុក​អូ​រយ៉ា​ដាវ យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​យ៉ាងណាក៏ដោយ ក៏​ក្រុម​ឈ្មួញ​នៅតែ​បន្តសកម្មភាព​យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់​ ។ ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​អូ​រយ៉ា​ដាវ គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សម្បាយ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បន្ត​កើតឡើង​ យ៉ាង​គគ្រឹកគគ្រេង​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែល​ប្ដេជ្ញា​លុបបំបាត់​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ គួរ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តទៅទៀត​។

តំណាង​សហគមន៍​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ បាន​ឲ្យ​ដឹងថា ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ ពួកគាត់​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រករបៀង​ជាប់​តំបន់​ព្រំដែន​ស្រុក​ដាក់​ កឺ ខេត្ត​យ៉ា​ឡាយ ប្រទេស​យួន ហើយ​សមត្ថ​កិច្ចការពា​រ​ព្រំដែន​និង​មន្ត្រី​ជំនាញ​ឃុបឃិត​គ្នា​ទទួលផល​ ប្រយោជន៍​ពី​ឈ្មួញ​យ៉ាង​សុខ​ស្រួល​។ ជាក់ស្ដែង​ថ្មីៗ​កន្លងទៅនេះ​ឈ្មួញ​មួយចំនួន​កំពុង​បង្កើន​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក ​អូរ​យ៉ា​ដាវ ដោយ​មិនឃើញ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មន្ត្រីក្រោមឱវាទ ចាត់វិធានការ​បង្ក្រាប​ឡើយ​។ មានន័យថា​វិធានការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​ស្រុក​យួន គឺជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​នៅតែ​អាច​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ ហើយ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន៕

T-11-30-15-ff-full