ប្រជាពលរដ្ឋ ៣៧គ្រួសារ ជាជនរងគ្រោះដោយសារការរំលោភយកដីធ្លីពីសំណាក់អ្នកមានអំណាចបុណ្យសក្តិនៅក្នុង ស្រុកចិត្របុរី កំពុងតែស្វះស្វែងរកអន្តរាគមន៍ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋា ភិបាលកម្ពុជា បន្ទាប់ពីបានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅសាលាខេត្តក្រចេះ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋសភាជាសភាតំណាងរាស្ត្ររួចរាល់ហើយនោះ ។
តំណាងប្រជាពលរដ្ឋ ៣៧គ្រួសារ បាននិយាយឱ្យដឹងកាលពីពេលថ្មីៗនេះថា លោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី បានបញ្ចោញប្រជាពលរដ្ឋទាំង ៣៧គ្រួសារ ឱ្យចេញពីដីកេរ្តិ៍ពីដូនតាមក ព្រមទាំងបានបញ្ជាគ្រឿងចក្រឱ្យឈូសឆាយដំណាំ ព្រមទាំងផ្ទះសម្បែងថែមទៀតផង ។ នៅពេលដែលលោកអភិបាលស្រុកស្រុកចិត្របុរី ហង់ ចាន់ឌី ប្រើប្រាស់អំណាចជាអភិ បាលស្រុក មកលើប្រជាពលរដ្ឋស្លូតត្រង់នោះ គឺពុំមានលិខិតស្នាមអ្វីទាំងអស់ហើយថែមទាំងធ្វើការសម្លុតគំរាមកំហែងប្រជា ពលរដ្ឋនៅពេលដែលសួរនាំរកលិខិតស្នាមដែលពាក់ព័ន្ធទៅនឹងការឈូសឆាយផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋទាំងអស់ នោះ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលរងគ្រោះទាំង ៣៧គ្រួសារនេះរស់នៅចំណុចក្បាលច្រះធំ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជាក់ស្តែងកាលពីថ្ងៃទី ១១ ខែតុលា និងនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហង់ ចាន់ឌី ជាអភិបាលស្រុក និងលោក ហួត យ៉ាំ ជាអភិបាលរងស្រុកចិត្របុរី រួមទាំងលោក សំ សិដ្ឋ ជំទប់ទី ១ ឃុំថ្មគ្រែ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមកបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋបណ្តាលឱ្យខូចខាតទាំងស្រុង ។
ជាក់ស្តែងនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៦ ថ្មីៗនេះ លោក ហង់ ចាន់ឌី លោកហួត យ៉ាំ និងលោក សំ សិដ្ឋ ជាសមាស ភាពដដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមានទាហាន កងរាជអាវុធហត្ថ នគរបាលយកគ្រឿងចក្រធ្វើការ ឈូសឆាយដី និងផលដំណាំរបស់ប្រជាពលរដ្ឋក្នុងគោលបំណងដណ្តើមយកដីកេរ្តិ៍របស់ប្រជាពលរដ្ឋដោយគ្មានបទបញ្ជាពី លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ និងគ្មានលិខិតស្នាមអ្វីទាំងអស់ ។
ក្រុមអ្នកវិភាគឯករាជ្យបានចូលរួមសម្តែងយោបលផងដែរថា លោក ហង់ ចាន់ឌី អាងអំណាចជាអភិបាលស្រុកចិត្រ បុរី បានប្រើប្រាស់តួនាទី និងអំណាចរំលោភយកដីប្រជាពលរដ្ឋដោយគ្មានលិខិតស្នាមរួមទាំងបទបញ្ជារបស់អភិបាលខេត្ត ក្រចេះនេះ គឺស្មើទៅនឹងអំពើប្លន់យកដីប្រជាពលរដ្ឋទាំងនៅមានជីវីតនេះគេហៅថា ជាការរំលោភបែបថ្មី ប្រចាំឆ្នាំ២០១៦ ដែលនៅទូទាំងប្រទេសទើបតែកើតមានឡើងនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។
សារព័តមានមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ហង់ ចាន់ឌី បាននោះទេ ?៕