នៅក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ មន្ត្រីនគរបាលក្នុងស្រុកអូរជុំ ចំនួន៥៥នាក់បានផ្ដិតមេដៃហើយបានរៀបរាប់យ៉ាងល្អិតល្អន់នៅរឿងអាស្រូវពុករលួយចំនួន៥ចំណុចរបស់លោក ហុង គឹមសេង។ តាមរយៈការលាតត្រដាងនោះបានបង្ហាញថា ច្រើនឆ្នាំកន្លងទៅនេះលោក ហុង គឹមសេង ប្រើអំណាចប្រព្រឹត្តអំពើពុករលួយ និងធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន ដើម្បីស្វែងរកផលប្រយោជន៍ ។ ដូច្នេះស្នងការនគរបាលខេត្តរតនគិរី ក៏ដូចជាអគ្គស្នងការនគរបាលជាតិ គួរចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ តាមពាក្យបណ្ដឹងរបស់មន្ត្រីនគរបាលទាំង៥៥រូបដើម្បីរកឲ្យឃើញការពិតជាក់ស្ដែង។
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ហុង គឹមសេង អធិការនគរបាលស្រុកអូរជុំ ខេត្តរតនគិរី មានអត្តលេខ១៩២១២ ត្រូវបានមន្ត្រីនគរបាលស្រុកអូរជុំ ៥៥នាក់ផ្ដិតមេដៃប្ដឹងទៅថ្នាក់លើដើម្បីឲ្យចាត់វិធានការដោះស្រាយ។ ទង្វើរបស់លោក ហុង គឹមសេង អធិការនគរបាលស្រុកអូរជុំ អាចមានការបើកដៃពីលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរីផងដែរ? បើមិនដូច្នេះទេប្រហែលលោក ហុង គឹមសេង មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ។ ដូច្នេះនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនត្រូវមើលរំលងរឿងអាស្រូវពុករលួយរបស់លោក ហុង គឹមសេង នោះទេព្រោះទង្វើរបស់អធិការនគរបាលស្រុកអូរជុំរូបនេះ ធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តបំពេញការងាររបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិ ។
តាមរយៈពាក្យបណ្ដឹងនោះបានបង្ហាញផងដែរ អំពីករណីឈ្មួញដឹកជញ្ជូនឈើពីស្រុកតាវែង ស្រុកវ៉ើនសៃ ឆ្លងកាត់ស្រុកអូរជុំ ចូលក្រុងបានលុង ព្រោះសកម្មភាពដឹកឈើខុសច្បាប់ទាំងនោះ គឺជាប្រភពចំណូលរបស់លោក ហុង គឹមសេង និងបក្ខពួកមួយក្ដាប់តូច។ មិនតែប៉ុណ្ណោះដោយអាងអំណាចរបស់ខ្លួនជាអធិការនគរបាលស្រុកអូរជុំ ទើបលោក ហុង គឹមសេង ប្រើពាក្យសំដីគំរាមកំហែងមិនសមរម្យទៅលើមន្ត្រក្រោមឱវាទស្រេចតែអំពើចិត្ត ហេតុនេះហើយទើបមន្ត្រីក្រោមឱវាទអត់ធ្មត់តទៅទៀតលែងបាន។ ជាពិសេសករណីលោក ហុង គឹមសេង យកលុយពីអ្នកថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងឆ្នាំ២០១៥និង២០១៦ សរុបជាង៥១លានរៀលគឺជាអំពើពុករលួយដែលមិនអាចប្រកែកបានឡើយ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ទៅលើលោក ហុង គឹមសេង អធិការនគរបាលស្រុកអូរជុំ ៕