រថយន្តទំនើប​ ជាម​ យៀប​ ប្រល័យ​ជីវិត​ជន​រងគ្រោះស្លាប់​ម្នាក់​ហើយ​ៗ ​អាច​បិទ​សំណុំ​រឿង​ត្រឹម​សម្រុះ​សម្រួល​

ជនរងគ្រោះ​ទាំង​២​នាក់ ប្តី​-​ប្រពន្ធ​ដែល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​វេលា​ព្រឹក នា​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​រថយន្ត​ទំនើប​ម៉ាក Lexus 570 ពណ៌​ខ្មៅ​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​បុក​នោះ គឺ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ភិន សោភា អាយុ​២០​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​ហើយ បន្ទាប់ពី​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែត ខណៈ​បុរស​ជា​ប្តី​ឈ្មោះ ភឿន ខា ហៅ​មឿ​ន សុខា អាយុ​៣១​ឆ្នាំ ដែល​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។​
ប្រភពពី​មន្ត្រីនគរបាល​ខេត្តកណ្តាល​ម្នាក់​បាន​និយាយ​ឲ្យ​ដឹងថា សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទំនងជា​នឹងមិន​ទៅដល់​ស្ថាប័ន​តុលាការ​ទេ​គឺ​នឹងត្រូវ​បិទ​បញ្ចប់​ត្រឹម​សម្រុះសម្រួល​គ្នា​រវាង​ក្រុមគ្រួសារ​ជនរងគ្រោះ និង​មេធាវី​ឯកឧត្តម ជាម យៀប​។​

ទាក់ទង​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មជ្ឈដ្ឋាន​នានា​បាន​សម្តែង​នូវ​ការរិះគន់​ទៅលើ​អំពើ​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ បែរ​ខ្វះ​ការទទួលខុសត្រូវ និង​គ្មាន​សុជីវធម៌​ទៅលើ​ជនរងគ្រោះ ពីព្រោះ​រថយន្ត​ឯកឧត្តម បាន​ព្យាយាម​បើក​រត់គេច និង​ដោះ​ស្លាក​លេខ​រថយន្ត «​លេខ រដ្ឋ 02.2-0007» ទុក​កុំ​ឲ្យ​គេ​ស្គាល់​អត្តសញ្ញាណ​ថែមទៀត ទោះបី​ឯកឧត្តម​បាន​ចេញមុខ​បកស្រាយ​ថា «​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​» ក៏ដោយ​។​

ក្រុមអ្នកលេង​បណ្តាញ​សង្គម Facebook បានធ្វើការ​រិះគន់​ទៅលើ​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ដោយ​ហៅ​ឯកឧត្តម​ថា​ជា «​បណ្ឌិត រត់​»​។

អនុលោម​តាម​មាត្រា​៨២ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បាន​តម្រូវ​ឲ្យ​មានការ​ផ្តន្ទាទោស​ដល់ក​ម្រិ​ត​អតិបរមា​ក្នុងករណី​ជន​ប្រព្រឹត្តល្មើស​បើកបរ​បង្ក​ឲ្យ​ស្លាប់​ដល់​អ្នកដទៃ​ដោយ​អ​ចេតនា ហើយ​រត់គេច​ពី​កន្លែងកើតហេតុ​ក្នុង​គោលបំណង​គេចវេះ​ពី​ការទទួលខុសត្រូវ​។​

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​រថយន្ត​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ក្រោយពី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​បាន​បើក​រត់គេច​រាប់គីឡូម៉ែត្រ និង​ត្រូវបាន​បើកផ្លូវ​ដោយ​កងកម្លាំង​សមត្ថកិច្ច​មកដល់​រាជធានី​ភ្នំពេញ ថែមទៀត​៕​

 

ab