មន្ត្រីមន្ទីរផែនការខេត្តរតនគីរី មួយចំនួនបានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីជាបន្ទាន់ ព្រោះការតម្រូវឲ្យបេក្ខជនបង់លុយក្នុងម្នាក់ៗពី៤៥០០ទៅ៥០០០ដុល្លារ គឺជាអំពើពុករលួយយ៉ាងច្បាស់ក្រឡែតមិនអាចអត់ឱនបានឡើយ។ ប្រភពបានឲ្យដឹងទៀតថា ថ្មីៗកន្លងទៅនេះ មន្ត្រីជំនិតរបស់លោក ខេង វុទ្ធី មួយចំនួនបានដើរកៀងគរបេក្ខជនដែលចង់ប្រឡងចូលបម្រើការងារជាមន្ត្រីក្របខ័ណ្ឌក្រសួងផែនការ ដោយត្រូវចំណាយក្នុងម្នាក់ៗ៤៥០០ទៅ៥០០០ដុល្លារ។ ក្រោយពេលបែកធ្លាយរឿងអាស្រូវនេះ លោក ខេង វុទ្ធី ព្យាយាមទម្លាក់ការទទួលខុសត្រូវទៅលើមន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ មានន័យថា អំពើពុករលួយរបស់លោក ខេង វុទ្ធី គឺមានការឃុបឃិតជាលក្ខប្រព័ន្ធ ។
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានលាតត្រដាងជាសាធារណៈ ជាពិសេសពាក់ព័ន្ធទៅនឹងការតម្រូវឲ្យបេក្ខជនប្រឡងចូលក្របខ័ណ្ឌមន្ត្រីក្រសួងផែនការបង់លុយក្នុងម្នាក់ៗ៤៥០០ទៅ៥០០០ដុល្លារបើចង់ប្រឡងជាប់។ រឿងអាស្រូវនេះត្រូវបានទម្លាយដោយសាច់ញាតិរបស់បេក្ខជនមួយចំនួននៅក្នុងខេត្តរតនគិរី ដែលប្រឡងចូលក្របខ័ណ្ឌពេញសិទ្ធិជាមន្ត្រីក្រសួងផែនការ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ មិនទាន់ចាត់វិធានការលើលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ទាក់ទងទៅនឹងរឿងអាស្រូវពុករលួយនោះទេ។
មន្ត្រីមន្ទីរផែនការខេត្តរតនគិរី បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតជាមួយមន្ត្រីជាន់ខ្ពស់នៅក្រសួងផែនការទេនោះ គឺលោក ខេង វុទ្ធី មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តបានឡើយ ជាពិសេសការកំណត់ឲ្យបេក្ខជនបង់លុយ៤៥០០ទៅ៥០០០ដុល្លារដើម្បីជាថ្នូរនឹងការប្រឡងជាប់ក្របខ័ណ្ឌ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរចាត់វិធានការស៊ើបអង្កេតឲ្យបានឆាប់រហ័សដើម្បីជាការព្រមានដល់មន្ត្រីពុករលួយតាមមន្ទីរដទៃទៀត ហាក់ប្រហែលគ្នា ៕