ឈ្មួញ ​សេង​ កុកឃាង ​ជ្រកក្រោម​យីហោ​ក្រុមហ៊ុន​ស៊ីអស៊ីខេដឹក​ជញ្ជូនឈើតាម​រថយន្តធំៗ

ប្រជា​សហគមន៍ ​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ទំរីង  ស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា ​ឈ្មួញ​ឈ្មោះ សេង កុក​ឃាង  ហៅ​តា​៩៥ ក្នុងនាម​ ជា​តំណាង​ឲ្យ​ក្រុម ហ៊ុន​ស៊ី​អ​ស៊ី​ខេ កំពុង​ធ្វើ​ សកម្មភាព​កាប់​ឈើ​ក្រៅ​ បរិវេណ​ដី​សម្បទាន​រួច​ ដឹកជញ្ជូន ​មក​ចែកចាយ​តាម ​ដេប៉ូ​ក្នុង​ខេត្តកំពង់ធំ  ខេត្តកំពង់ចាម និង​បណ្ដា​ខេត្ ត​មួយចំនួនទៀត​។  ជាក់ស្ដែង​ថ្មីៗ​នេះ​ឈ្មួញ​ឈ្មោះ សេង កុក​ឃាង បាន​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ធ្វើ​ឲ្យ​ខូច​ផ្លូវលំ​ក្នុង​ឃុំ​ទំរីង និង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​ពុំមាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​រូបនេះ​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ទំរីង និង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​របស់​ឈ្មួញ​ឈ្មោះ សេង កុក​ឃាង ហៅ​តា​៩៥​ជាបន្ទាន់​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​ឈ្មោះ សេង កុក​ឃាង ហៅ​តា​៩៥ ជ្រក​ក្រោម​យីហោ​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ​(CRCK) របស់​យួន កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ សេង កុក​ឃាង បានធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មួយចំនួន ។

សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ របស់​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ឈ្មួញ​ឈ្មោះ សេង កុក​ឃាង ប្រើ​យីហោ​ក្រុមហ៊ុន​យួន​ដើម្បី​កាប់​ឈើ​។ ឈើ​ដែល​ឈ្មួញ​ឈ្មោះ សេង កុក​ឃាង កាប់​ក្រៅ​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​យួន និង​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ព្រៃ​ឡង់​នោះ មានដូចជា​ធ្នង់ នាងនួន បេង កកោះ ពពេល គ្រញូង និង​សុ​ក្រំ​ជាដើម​។ ដោយសារតែ​ឈ្មួញ​ឈ្មោះ សេង កុក​ឃាង អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះហើយ ទើប​ឈើ​ក្នុង​តំបន់​ព្រៃគុហ៍​(​ព្រៃ​ឡង់​) កំពុង​ប្រឈម​នឹង​កាប់បំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​៕

25-4 15135920_223845034705757_6925936009336598832_n