អាមេរិក៖ការពិនិត្យថ្មីនៃរូបភាពផ្កាយរណបបានបង្ហាញថា ប្រទេសកូរ៉េខាងជើងអាចកាន់កាប់ទីតាំងបាញ់មីស៊ីលមួយផ្សេងទៀតនៅក្នុងភូមិមួយ។
រូបភាពជាច្រើនដែលត្រូវបានវិភាគដោយក្រុមហ៊ុន Strategic Sentinel ដែលជាក្រុមហ៊ុនវិភាគរូបភាពភូមិសាស្ត្របានបង្ហាញពីឃ្លាំងមីស៊ីលក្នុងតំបន់ភ្នំ Geunmchang-ri នៃខេត្ត North Pyongan ជាកន្លែងដែលសហគមន៍ស៊ើបការណ៍របស់សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ថា មានទីតាំងអាវុធនុយក្លេអ៊ែរមួយ។
ក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់បានប្រាប់ VOA ថា ឃ្លាំងមីស៊ីលនេះគឺហាក់ដូចជាស្រដៀងគ្នាទៅនឹងមូលដ្ឋានមីស៊ីលមួយនៅក្នុងតំបន់ Tabriz នៃប្រទេសអ៊ីរ៉ង់។
ក្រុមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះបានបន្ថែមថា រចនាសម្ព័ន្ធដែលមានរាងដូចចតុកោណមួយនេះគឺហាក់ដូចជាធំល្មមសម្រាប់ដាក់មីស៊ីលរបស់កូរ៉េខាងជើងនាពេលបច្ចុប្បន្នដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចបាញ់ដល់ប្រទេសជិតខាងដូចជាប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។
លោក Ryan Barenklau ស្ថាបនិកនៃក្រុមហ៊ុន Strategic Sentinel បានថ្លែងថា “តំបន់របស់អ៊ីរ៉ង់ដើម្បីដាក់មីស៊ីលនិងតំបន់របស់កូរ៉េខាងជើងគឺមានទំហំប៉ុនគ្នា”។ លោកក៏បានលើកឡើងផងដែរអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរមួយដែលអាចធ្វើទៅបានរវាងប្រទេសទាំងពីរ។
រូបភាពផ្កាយរណបបានបង្ហាញថា នៅភាគខាងជើងឃ្លាំង សំណង់ចំនួនបីដែលហាក់ដូចជាចំណុចត្រួតពិនិត្យគឺបានតម្រៀបគ្នាជាទម្រង់ត្រីកោណនិងអាចជាប៉ុស្តិ៍ល្បាតក្នុងចម្ងាយជិត។
គួរបញ្ជាក់ជាថ្មីថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកំពុងមានផែនការជំរុញអាវុធនុយក្លេអ៊ែរនៅឆ្នាំ២០១៧ដើម្បីកេងយកផលប្រយោជន៍ពីការផ្លាស់ប្តូរអ្នកដឹកនាំនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។
ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរចំនួនពីរលើកក្នុងឆ្នាំ២០១៦នេះនិងបាញ់មីស៊ីលជាច្រើនគ្រាប់ដើម្បីព្យាយាមបំពេញសមត្ថភាពរបស់ខ្លួននៃការនាំយកក្បាលគ្រាប់នុយក្លេអ៊ែរឲ្យទៅដល់ដីគោករបស់សហរដ្ឋអាមេរិក៕