ខេត្តមណ្ឌលគិរី ៖ ប្រភពពតិមានបាន អោយដឹងថាឈ្មួញឈើ ឈ្មោះ តុប វីរ៉ាដា បានប្រើប្រាស់ រថយន្តម៉ាក យីឌុប ជាច្រើនគ្រឿង ក្នុងការដឹក ជញ្ជូនឈើ ចេញពីព្រៃ រួចបន្តនាំចេញទៅកាន់ ប្រទេសវៀតណាម តាមច្រក ព្រំដែនទ្វេរភាគី ឡាបាខេ ដោយ មានការ សម្របសម្រួល និងឃុបឃិតគ្នា ពីមន្ត្រីជំនាញ ពាក់ព័ន្ធនៅច្រក ព្រំដែន ពិសេស គឺជំនាញរដ្ឋបាល ព្រៃឈើតែ ម្តងដែលគ្រប់ គ្រងដោយលោក វង្ស សុខសេរី ជានាយខណ្ឌប្រចាំ ខេត្តមណ្ឌលគីរី ។
លោកឧកញ៉ា តុប វីរ៉ាដា មានឋានៈឧត្តមសេនីយត្រី និងជាមេបញ្ជាការរងយោធភូមិភាគទី១ បានក្លាយជាឈ្មួញរកស៊ីឈើខុសច្បាប់ដ៏ធំសម្បើមប្រចាំខេត្តមណ្ឌលគីរី ។ តាមព័ត៌មានទទួលបានលោក តុប វីរ៉ាដា កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីតំបន់ស្រុកកោះញែក ខេត្តមណ្ឌលគិរី តាមរថយន្តយីឌុបទៅលក់នៅប្រទេសវៀតណាម ដោយនាំចេញតាមច្រកព្រំដែនទ្វេរភាគីឡាបាខេយ៉ាងរលូនបើនិយយពីសមត្តកិច្ចវិញបណ្តាក់គ្នាដួចខ្យង ។
តាមព័ត៌មានទទួលបានចុងក្រោយឲ្យដឹងថា លោក តុប វីរ៉ាដា បានប្រើប្រាស់កម្លាំងយ៉ាងច្រើនក្នុងមុខរបរ ជំនួញឈើខុសច្បាប់ ហើយប្រើរូបភាពជាជំហរ មិនលាក់បាំងសមត្ថកិច្ចឬមន្ត្រីជំនាញនោះឡើយ ។ ដូច្នេះហើយទើបគេសន្និដ្ឋានថា ជំនួញឈើខុសច្បាប់ខាងលើនេះ មានពាក់ព័ន្ធមន្ត្រីជាច្រើន សំខាន់ជំនាញរដ្ឋបាលព្រៃតែម្តង ។
មន្ត្រីយោធាភូមិភាគមួយផ្តល់ព័ត៌មានថា លោកឧកញ៉ាផ្កាយមួយ តុប វីរ៉ាដា អតីតជាមេកាដ៏ជំនាញរបស់ក្រុមហ៊ុនទ្រីភាព និងជាឈ្មួញដែលមានបទពិសោធន៍ និងទំនាក់ទំនងដោយរលូនជាមួយមន្ត្រីសំខាន់ៗ ដូចជាផ្នែករដ្ឋបាលព្រៃឈើជាដើម ។ អញ្ចឹងហើយបានជាមុខរបរមិនសូវស្របច្បាប់របស់គាត់មិនដែលមានការបង្ក្រាបនោះឡើយ ។
ប្រជាពលរដ្ឋស្រុកកោះញែក បានឲ្យដឹងថា ទាំងព្រៃឈើទាំងផ្លូវគមនាគមន៍នៅតំបន់នោះត្រូវបំផ្លិចបំផ្លាញ អស់ហើយ ដោយសារតែក្រុមឈ្មួញឈើពិសេសឈ្មួញឈ្មោះ តុប រីរ៉ាដា នេះ ហើយតំបន់នោះអ្នកណាក៏ស្គាល់ឈ្មួញឈើដ៏ល្បីល្បាញម្នាក់នេះដែរ ។
ប្រជាពលរដ្ឋសូមពរឲ្យគណកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើដែលមាននាយឧត្តមសេនីយ សៅ សុខា ជាប្រធានមេត្តាជួយមើលផង ហើយបើមិនស្គាល់ឈ្មួញឈើជានរណានោះមកសួរប្រជាពលរដ្ឋពួកគាត់ត្រៀមនឹងរាយការណ៍ជូនភ្លាមៗ ព្រោះបើទុកពួកនេះឲ្យបន្តបំផ្លាញព្រៃឈើដូចរាល់ថ្ងៃទៀតនោះមិនយូរមិនឆាប់ព្រៃឈើនៅកោះញែកខេត្តមណ្ឌលគីរីត្រូវវិនាសហិនហោចជាក់ជាមិនខានឡើយ ៕(សួមចាំតាមដានភាគបន្ត)