លោក​ យឹម​ ​សុភាព​​ប្រមូ​លលុយ​ពី​ឈ្មួញ​រក​ស៊ី​ដឹ​កឈើ​ខុស​ច្បាប់​ម៉ាខេត្តសៀមរាប

ក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជញ្ជូន​​ឈើ​​​ខុសច្បាប់​ ស្គា​ល់​ឥ​ទ្ធិពល​​​អំណា​ច​របស់​លោក​ យឹម​ សុភា​ព យ៉ាង​ច្បាស់​ ព្រោះ​​គាត់​មាន​​តួនាទី​ សំខាន់​​ចំនួន​​២ ​គឺ​ទី​​១ ​ប្រ​មូល​​លុយ​​ពី​​ជំនួញ​​ឈើ​​ខុ​សច្បាប់​ នៅ​​ទាំ​ង​ខេត្ត​សៀមរា​ប សម្រាប់​​ទ្រ​ទ្រង់​ឆ្នាំង​បាយ របស់​​ថ្នាក់​ដឹក​នាំ​អាវុធ​ហ​ត្ថ​ខេត្ត​ ដោយ​​ប្រើ​ប្រា​ស់​មុ​ខតំ​ណែង​ ជា​​នាយ​​រង​សេនាធិការ​ ហើយ​​​ការងា​រ​មួយ​ទៀត គឺ​​ប្រមូល​លុយ​សម្រាប់​តួនាទី ជា​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ប្រចាំ​ស្រុក​ស្វាយ​លើ ដើម្បី​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់​ខ្លួន​។ ទាំង​អំឡុងពេល​រឹតបន្តឹង របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ​បង្ក្រាប បទល្មើស​ដឹកជញ្ជូន ឈើ​ខុសច្បាប់ ក៏ដូចជា​ពេល​ធម្មតា លោក យឹម សុភាព មាន​ជំនាញ ក្តោប​ក្តាប់​មុខសញ្ញា​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទាំង​តូច​ទាំង​ធំ ឲ្យ​ចូលទៅ​បង់លុយ គ្មាន​ផល​រមាស់​អ្វី​ឡើយ​។​

​លោក យឹម សុ​ភាព ដែល​មាន​​តួ​នា​ទី​​ជា នា​យ​រង​​សេ​នា​ធិ​ការ​​អាវុធ​ហត្ថ ខេត្ត​សៀម​រាប និង​​ជា​​មេ​ប​ញ្ជា​ការ មូល​ដ្ឋាន​​អាវុធ​ហត្ថ​​ប្រ​ចាំ​​ស្រុក​​ស្វាយ​លើ បាន​​ប្រើ​​ស្បែក​​ជា ក​ម្លាំង​ប្រ​ដាប់​អា​វុធ ទៅ​​ប្រ​មូល​​លុយ​​ពី​​ការ រក​ស៊ី​​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា របស់​ថ្នាក់លើ​អ្វី​ឡើយ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប មិនដឹង​ជាមាន​ទំនាក់ទំនង អ្វី​អាថ៌កំបាំង​ជាមួយ​លោក យឹម សុភាព នោះទេ ព្រោះ​គេ​មិនដែល​ឃើញ​លោក យឹម សុភាព ត្រូវបាន​ដាក់ពិន័យ​ពីអ្វី​ដែល​គាត់ ប្រព្រឹត្ត​ខុស​ម្តងណា​ឡើយ​។​ ​បន្ថែម​ពីលើ​អាជីព​ប្រមូល​លុយ ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ យកទៅ​ទ្រទ្រង់​ឆ្នាំងបាយ របស់​ថ្នាក់ដឹកនាំ អាវុធហត្ថ​ខេត្តសៀមរាប ក៏ដូចជា​ប្រមូល​យកទៅ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន លោក យឹម សុភាព ក៏មាន​ជំនាញ​ ក្នុង​ការរត់​ការនាំ​ក្បួន​ឡាន​ដឹកឈើ ឆ្លងកាត់​ទឹកដី​ខេត្តសៀមរាប យ៉ាង​រលូន​​ល្អ​បំផុត​។ ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា លុយ​ដែល​លោក យឹម សុភាព ទទួល​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ត្រូវបាន​ឡើង​ឲ្យ​ថ្នាក់លើ គ្រប់​ចំនួន​ឬក៏​យ៉ាងណា​នោះទេ ទន្ទឹម​ពេលដែល​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុងចំណោម​លុយ​ដែល​ប្រមូលបាន ពី​ជំនួញ​ឈើ​ខុសច្បាប់ គឺ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​ខេត្ត​សៀមរាប ទទួល​បានតែ​ចំណែក​តូច​មួយ ពី​លោក យឹម សុភាព​។​ គេ​ចង់ឃើញ​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ជាពិសេស​លោក ឃឹម ប៊ុន​សុង ជា​អភិបាល​ខេត្តសៀមរាប ធ្វើការ​ពិនិត្យឡើងវិញ ពី​ភាពអនា​ធិប​តេយ្យ និង​ភាព​អសកម្ម​របស់លោក យឹម សុភាព មិនគួរ​បណ្តែតបណ្តោយ ឲ្យ​លោក យឹម សុភាព ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​នោះទេ ព្រោះ​វា​ជះឥទ្ធិពល​មិនល្អ ដល់​សមត្ថកិច្ច​និង​មន្ត្រី​ស្អាតស្អំ​មួយចំនួនទៀត​៕

ab161