ខេត្តកោះកុង ៖ ទោះបីជារាជរដ្ឋាភិបាលបានរិតបន្តឹងការនាំចូលទំនិញគេចពន្ធ ឬ បង់ពន្ធមិនគ្រប់ចំនួននាំឲ្យខាតបង់ថវិការដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅតែឃើញមានការនាំចូលទំនិញគេចពន្ធតាមច្រកសំខាន់ៗ មួយចំនួនដដែល ពុំមានការថយចុះនោះទេ ។
នៅ ច្រកចាំយាមខេត្តកោះកុង នៅតែជាច្រកសំខាន់សម្រាប់ការនាំចូលមុខទំនិញគេចពន្ធមួយចំនួនពីប្រទេសថៃ ហើយអ្វីដែលសំខាន់នោះ គឺម៉ូតូសេរីទំនើបៗ តែម្តង ។ តាមរបាយការណ៍គ្រាន់តែកន្លះខែមករា ឆ្នាំ២០១៧នេះ ម៉ូតូថ្មីៗ គេចពន្ធរាប់រយគ្រឿងត្រូវបានក្រុមឈ្មួញលួចនាំចូលតាមច្រកនេះ ខណដែលសមត្ថកិច្ចជំនាញហាក់ដូចជាត្រូវរ៉ូវគ្នាអស់ទៅហើយ ។
ប្រភពមន្ត្រីប្រចាំការច្រកអន្តរជាតិចាំយាមខ្សឹបប្រាប់ថា ម៉ូតូដែលនាំចូលតាមច្រកនេះភាគច្រើនជាប្រភេទម៉ូតូ ស្កូពី-MSX- PCX និង ZOOMER-X ជាដើម ហើយឈ្មួញនាំចូលក៏ត្រូវបានគេបង្ហើបប្រាប់ថា ឈ្មោះ ធឿន ដែលមានខ្នងបង្អែកក្រាស់គ្រាន់បើដែរ ល្មមតែសមត្ថកិច្ច ឬមន្ត្រីជំនាញអត់ហ៊ានទៅក្បែរដែរ ។
មន្ត្រីរាជការខេត្តកោះកុងបញ្ជាក់ថា ការនាំចូលម៉ូតូអត់ពន្ធតាមច្រកចាំយាមអត់ស្រាកស្រានទេ បើទោះពេលខ្លះគេមើលទៅហាក់ដូចជាស្ងប់ស្ងាត់ក៏ដោយចុះ ។ ពួកគាត់សំណូមពរឲ្យថ្នាក់ដឹកនាំពិនិត្យករណីនេះផង ព្រោះការនាំចូលម៉ូតូអត់ពន្ធជាបន្តបន្ទាប់នេះធ្វើឲ្យបាត់ចំណូលរដ្ឋច្រើន ៕(មានភាគបន្ត)