ករណីបុគ្គល កែត ស៊ីវិនី ប្រធានផ្សារដើមគ ប្រព្រឹត្តអំពើពុករលួយជាយូរមកហើយនោះត្រូវបានបុគ្គលិក និងសន្តិសុខក្រោមឱវាទនាំគ្នាលាតត្រដាងជាសាធារណៈ ហើយអំពាវនាវឱ្យលោក លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏ត្រូវក្រឡេកមើលអំពើពុករលួយរបស់បុគ្គល កែត ស៊ីវិនី ព្រោះជនេះបានកេងប្រវ័ញ្ចលើកម្លាំងញើសឈាមរបស់បុគ្គលិក និងក្រុមសន្តិសុខផ្សារដើមគតាមអំពើចិត្តជាយូរមកហើយ។ បុគ្គលិកនិងសន្តិសុខផ្សារដើមគបានត្អូញត្អែរថាប្រធានផ្សារឈ្មោះកែត ស៊ីវិនី ប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព ហើយបានយកឈ្មោះមន្ត្រីជាន់ខ្ពស់នៅសាលារាជធានីភ្នំពេញមកគំរាមកំហែងដើម្បីកុំឱ្យពួកគេធ្វើការតវ៉ា។ ទោះជាយ៉ាងណាឥឡូវរឿងអាស្រូវនេះកំពុងបែកធ្លាយ ព្រោះប្រធានផ្សារកេងប្រវ័ញ្ចលើបុគ្គលិកនិងក្រុមសន្តិសុខកាន់តែខ្លាំងឡើងៗ ដើម្បីប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ។ មិនតែប៉ុណ្ណោះបុគ្គល កែត ស៊ីវិនី បានប្រើពាក្យសំដីអសីលធម៌មកលើបុគ្គលិកនិងសន្តិសុខស្រេចតែអំពើចិត្ត ហើយខ្លួនឯងផ្ទាល់អង្គុយតែក្នុងស្នាក់ការដើម្បីប្រមូលលុយតាមរបៀបពុករលួយសព្វបែបយ៉ាង។សន្តិសុខនិងបុគ្គលិកផ្សារដើមគជាច្រើននាក់បានឱ្យដឹងថាការណែនាំរបស់អភិបាលខណ្ឌទួលគោក គឺបានតម្រូវឱ្យប្រធានផ្សារបើកប្រាក់ខែដល់ពួកគេក្នុងចំនួនពី៣០ម៉ឺនទៅ៤០ម៉ឺនរៀល ប៉ុន្តែជាក់ស្តែងគឺពួកគេទទួលបានត្រឹមតែ៧ម៉ឺន ទៅ១០ម៉ឺនរៀលប៉ុណ្ណោះ។ ឈ្មោះបុគ្គលិកដែលទទួលបានប្រាក់ខែត្រឹមតែ៧ម៉ឺនរៀលត្រូវប្រធានផ្សារសរសេរក្នុងរបាយការណ៍ថា ៣០ម៉ឺនរៀលចំណែកអនុប្រធានក្រុមសន្តិសុខដែលទទួលបានប្រាក់ខែត្រឹម១០ម៉ឺនរៀលគេសរសេរក្នុងរបាយការណ៍ថា៣៥ម៉ឺនរៀល។ចំណែកប្រធានសន្តិសុខនិងអនុប្រធានមួយចំនួនដែលទទួលបានប្រាក់ខែត្រឹម១៥ម៉ឺនរៀលគេសរសេរក្នុងរបាយការណ៍ដាក់ថា៤០ម៉ឺនរៀលដែលបញ្ហានេះគឺជារបៀបកេងប្រវ័ញ្ចយ៉ាងច្បាស់ក្រឡែតមិនអាចបិទបាំងបានទេ។ក្រុមសន្តិសុខនិងបុគ្គលិកផ្សារដើមគបានលាតត្រដាងទៀតថាក្នុងមួយខែចំណូលរបស់ផ្សារដើមគ ដែលបានមកពីដើរទាត់កញ្ច្រែងអាជីវករ គឺមានប្រមាណជិត៤០លានរៀល ដែលប្រធានផ្សារកេងប្រវ័ញ្ចយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ជាងនេះទៅទៀតនៅមានការកាត់ចិញ្ចើមផ្លូវឱ្យអាជីវករធ្វើជាកន្លែងលក់ដូរនិងយកធ្វើតូបជាង២០ជាប់នឹងរបងមហោស្រពចេនឡា ហើយអាជីវករទាំងនោះត្រូវបង់ក្នុងមួយឆ្នាំ៥០០ដុល្លារ ដោយមិនគិតពីភាស៊ីនិងអនាម័យនៅឡើយទេ។ អាចនិយាយបានថាក្នុងតួនាទីជាប្រធានផ្សារដើមគ គឺលោក កែត ស៊ីវិនី កេងប្រវ័ញ្ចលើកម្លាំងញើសឈាមបុគ្គលិកនិងសន្តិសុខផ្សារស្រេចតែអំពើចិត្ត ហើយជននេះយកឈ្មោះមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញមកធ្វើជាខែលដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន។ ទង្វើអាក្រក់របស់ប្រធានផ្សារដើមគ កំពុងធ្វើឱ្យបុគ្គលិកនិងសន្តិសុខក្រោមឱវាទក្តៅក្រហាយ ហើយបើកកកាយជាសាធារណៈនូវរឿងអាស្រូវពុករលួយដែលកើតឡើងពេញបន្ទុក។ឥឡូវនេះបុគ្គលិកនិងសន្តិសុខផ្សារដើមគនាំគ្នាលាតត្រដាងអំពើអាក្រក់របស់ប្រធានផ្សារជាសាធារណៈដូច្នេះលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដែលបើកកិច្ចប្រជុំកាលពីចុងសប្តាហ៍មុនជុំវិញការកែទម្រង់អភិបាលកិច្ចសម្រាប់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគួរតែពិនិត្យមើលរឿងអាស្រូវរបស់ប្រធានផ្សារដើមគផង ដើម្បីចៀសវាងនូវអំពើកេងប្រវ័ញ្ចលើកូនចៅក្រោមឱវាទ ៕