ការត្រួតពិនិត្យ ទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបអំពើក្លែងបន្លំ គឺជាបញ្ហារសើបជាងគេ របស់កាំកុងត្រូល ព្រោះមិន បានខិតខំប្រឹងប្រែង ធ្វើការ បង្ក្រាបរាល់ ទំនិញម្ហូបអាហារដែលហូរ ចូលពីប្រទេសជិតខាង ធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋឲ្យ បានល្អឡើយ។ ក្រុមឈ្មួញ បានបង្ហើបថា នៅតាម មាត់ច្រកទ្វារព្រំដែនសព្វថ្ងៃនេះ មិនត្រឹមតែមានករណីនាំ ចូលទំនិញគេចពន្ធចូលកម្ពុជានោះទេ តែក៏មាន ករណីនាំចូល ទំនិញខូចគុណភាព ដែលទំនិញទាំងនោះ ត្រូវបានប្រទេសគេមិន អនុញ្ញាតឲ្យប្រើប្រាស់ឡើយ។
មន្រ្តីរាជការមប្រើការងារ នៅអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់កាលពីពេលថ្មីៗនេះថា រឿងអាស្រូវរបស់ លោក ម៉ក់ ពេជ្ជរិទ្ធ បានកើត មាន តាំង ពីលោក ក្លាយជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុង ត្រូលមកម្ល៉េះ តែថ្នាក់លើហាក់មិនខ្វល់នឹងការរិះគន់ឡើយ ។ ប្រភពដដែលបានបញ្ជាក់ថា ករណីនេះ ក្រសួងពាណិជ្ជកម្មដែលគ្រប់ គ្រង លើអគ្គនាយកដ្ឋានកាំកុងត្រូលមិនត្រូវមើលរំលងពីភាពអសកម្មរបស់ លោក ម៉ក់ ពេជ្ជរិទ្ធ និង បក្ខពួក នោះទេ។
ការបំពេញការងារ មិនត្រឹមត្រូវរបស់ លោក ម៉ក់ ពេជរិទ្ធ ជាច្រើនឆ្នាំកន្លងមក បានបង្កឲ្យប្រជាពលរដ្ឋ ខ្មែរទទួលរងនូវជំងឺ ក្រពះ ពោះវៀន ទឹកនោមផ្អែម និងរងគ្រោះថ្នាក់ដល់ជីវិតក៏មាន។ បញ្ហាទាំងនោះផ្ដើម ចេញពីបញ្ហាចំណីអាហារ ដែលនាំចូលខ្វះការត្រួតពិនិត្យ ហើយអាហារទាំង នោះភាគ ច្រើនខូច គុណភាព ។
ជុំវិញបញ្ហាខាងលើនេះសាធារណជនបានអំពាវនាវថា ទំនិញនាំចូលមក ប្រទេសកម្ពុជាតាមច្រក ទ្វារព្រំដែននីមួយៗគឺមន្ត្រី កាំកុងត្រូលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ លោក ម៉ក់ ពេជ្ជរិទ្ធ គប្បីធ្វើការរឹតបន្តឹង ឬត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងគប្បីបញ្ឈប់ការឃុបឃិត បើកដៃឲ្យក្រុមឈ្មួញធ្វើ សកម្មភាពនាំចូលទំនិញខូចគុណភាពយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទៀត៕