ខេត្តតាកែវ ៖ លោក ថៃ លី ជាប្រធានពេទ្យសត្វប្រចាំខេត្តតាកែវ ពីមុនមានតែម៉ូតូកញ្ចាស់មួយគ្រឿង ប៉ុន្តែបច្ចុប្បន្ន នេះលោក ថៃលី បានផ្លាស់ប្តូរជីវភាពថ្មី ក្លាយជាមហាសេដ្ឋី យ៉ាងឆាប់រហ័សមិនដឹងជា គ្រួសាររបស់គាត់រកស៊ីជួញដូរអ្វីខ្លះទេ ទើបសល់លុយក្លាយជាមហាសេដ្ឋី សង់វីឡានៅក្នុងក្រុងដូនកែវ មិនឲ្យចាញ់មន្ត្រីធំៗ ឬឧកញ៉ាដែលមានស្រុកកំណើត លើទឹកដីខេត្តតាកែវនោះទេ ហើយកាលពីពេលថ្មីៗនេះ ស្រាប់តែបែកធ្លាយរឿងដ៏ធំមួយគឺលោក ថៃ លី បានទិញវីឡារាប់សែនដុល្លារ មួយកន្លែងនៅក្រុងព្រះសីហនុ ទុកទៅលំហែកម្សាន្តនាចុងសប្តាហ៍ ។
មន្ត្រីមួយចំនួន បានបង្ហើបឲ្យដឹងថា មិនឲ្យលោក ថៃ លី ក្លាយជាមហាសេដ្ឋី ម្តេចនឹងកើត ព្រោះគាត់យកថ្លៃ នាំចូលជ្រូកពីស្រុកយួន ក្នុងមួយក្បាល ៣ម៉ឺនរៀល ហើយការនាំគោចេញទៅស្រុកយួន ក៏ត្រូវបង់ឲ្យគាត់ក្នុង១ក្បាល ២០ដុល្លារ។ សូម្បីតែការដឹកជញ្ជូនពងទា ដែលក្នុងមួយថ្ងៃៗ រាប់សិបឡាន ក៏ត្រូវបង់លុយឲ្យលោក ថៃ លី ទៅតាមចំនួនដែល បានកំណត់ជាពិសេសសត្តឃាតដ្ឋាន នៅទូទាំង ១០ស្រុកនៃខេត្តតាកែវ ក៏ត្រូវតែសែនព្រេន បង់លុយជូនលោក ថៃ លី ទៅតាមការទាមទារ របស់គាត់មិនអាចមើលរំលងបានទេ។ លោក ថៃ លី បានចាត់តាំងសាច់ញាតិ និងមន្ត្រីជំនិតៗរបស់គាត់ ឲ្យចុះដាក់ប៉ុស្តិ៍ជជុះ នៅតាមដងផ្លូវ ដែលមានការដឹកជញ្ជូនជ្រូក គោ មាន់ ទា ស៊ុត មកពីស្រុកយួនយ៉ាងអនាធិបតេយ្យបំផុត ហើយសម្រាប់ការ ដឹកជញ្ជូនសត្វទាំងនោះ ត្រូវតែចូលបង់លុយ ទៅតាមតម្លៃដែលបានកំណត់។
ប្រសិនបើពិនិត្យលើភាពមានបាន និងទ្រព្យសម្បត្តិដ៏ច្រើនហូរហៀរ របស់លោក ថៃ លី នាបច្ចុប្បន្ននេះ រួចធ្វើការប្រៀបធៀប ជាមួយស្ថានភាពដែលគាត់ មានតែម៉ូតូកញ្ចាស់ គឺខុសគ្នាឆ្ងាយដូចមេឃនិងដី សឹងថាលោក ថៃ លី មានបានជាងរដ្ឋមន្ត្រី ក្រសួងកសិកម្មទៅទៀត ដែលទាមទារឲ្យលោក ឱម យ៉ិនទៀង ស៊ើបអង្កេតស្រាវជ្រាវ ពីភាពមានបានដូចផ្លេកបន្ទោរ របស់លោក ថៃ លី ឡើងវិញផង។ មន្ត្រីតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា ក្នុងការិយាល័យពេទ្យសត្វខេត្តតាកែវ លោក ថៃ លី មិនបានប្រើប្រាស់មន្ត្រីជំនាញ ឲ្យចុះទៅបំពេញភារកិច្ច ឲ្យបានត្រឹមត្រូវនោះទេ គឺគាត់ចាត់តាំងតែបងប្អូន សាច់ញាតិរបស់គាត់ ឲ្យចុះដាក់ប៉ុស្តិ៍ជជុះតាមដងផ្លូវ គាបជំរិតក្រុមឈ្មួញឲ្យបង់លុយ សម្រាប់ការដឹកជញ្ជូនជ្រូក គោ មាន់ ទា តាមតែទំនើងចិត្ត។
អង្គភាពប្រឆាំងអំពើពុករលួយ បានព្រមានសឹងតែរាប់ភ្លេចទៅហើយ ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យបញ្ឈប់ការយកលុយក្រៅផ្លូវការ ប៉ុន្តែលោក ថៃ លី មិនដែលខ្វល់ ទេ តែងតែចាត់តាំងមន្ត្រីឲ្យចុះដាក់ប៉ុស្តិ៍ជជុះតាមផ្លូវ និងប្រមូលលុយពីតាម ទីសត្តឃាតដ្ឋានទាំង ១០កន្លែង យកលុយទៅចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងអនាធិបតេយ្យ។ គេមិនច្បាស់ទេថា តើលោក ញ៉ឹម ស្រ៊ុន ជាប្រធានមន្ទីរកសិកម្មខេត្តតាកែវ មានការពាក់ព័ន្ធជាមួយលោក ថៃ លី ក្នុងកម្រិតណានោះទេ ព្រោះគេមិនដែលឃើញលោក ញ៉ឹម ស្រ៊ុន កោះហៅជំនាញពេទ្យសត្វ របស់លោក ថៃ លី ទៅដាក់ពិន័យ ឬដកបញ្ឈរជើងម្តងណាឡើយ បើទោះបីជាប្រជាពលរដ្ឋ ធ្លាប់បានប្តឹងផ្តល់ពីអំពើ ការគាបជំរិតបង្ខំឲ្យពួកគាត់បង់លុយសម្រាប់ការដឹកជញ្ជូនជ្រូក គោ មាន់ ទា របស់ពួកគាត់រៀងរាល់ថ្ងៃ៕