ប្រភពពីមន្ត្រីគយតូចតាចក្នុងខេត្តប៉ៃលិនបានឲ្យដឹងថា លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងរកវិធីស្រង់ដើមយ៉ាងតក់ក្រហល់ ដោយយកបទពិសោធន៍ពីខេត្តមណ្ឌលគិរី មកអនុវត្តន៍នៅខេត្តប៉ៃលិនតែម្តង។ មានសេចក្តីរាយការណ៍ទៀតថា លោក សំ សុវណ្ណារិទ្ធ អត្តលេខ១១១៩ ដែលទទួលតំណែងជា ប្រធានសាខាគយ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ គឺមានកេរ្តិ៍ឈ្មោះមិនសូវល្អតាំងពីនៅធ្វើជាប្រធានសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរី មកម្ល៉េះ។ មន្ត្រី គយតូចតាចក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាទំនងជាលោក សំ សុវណ្ណារិទ្ធ ហ៊ានចំណាយដើមទុនអស់យ៉ាងច្រើនទើបគាត់ទទួលបានតំណែងជាប្រធានសាខាគយខេត្តប៉ៃ លិន ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា លោក ទី ប៊ុនឡង់ ជាមរគយប្រចាំច្រកទ្វារអន្តរជាតិព្រំ ដែលមានការបើកដៃពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ គួរពិនិត្យឡើងវិញខ្លះផងព្រោះករណីមន្ត្រីគយពុករលួយឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារអន្តរជាតិព្រំ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។
ប្រភពខ្លះបានឲ្យដឹងថាកាលលោក សំ សុវណ្ណារិទ្ធ នៅធ្វើជាមេគយខត្តមណ្ឌលគិរី បានបើកដៃឲ្យឈ្មួញនាំប្រេងសាំងនិងទំនិញគេចពន្ធពីស្រុកយួនចូលខេត្តមណ្ឌលគិរីយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការដែលលោក សំ សុវណ្ណារិទ្ធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា។ ជាងនេះទៅទៀតទំនិញនិងឈើដែលឈ្មួញនាំពីទឹកដីកម្ពុជាចូលទឹកដីយួនយ៉ាងអនាធិបតេយ្យក៏ជាប្រភពចំណូលដ៏កាក់កបរបស់លោក សំ សុវណ្ណារិទ្ធ ផងដែរ។ ប្រការនេះហើយទើបលោក សំ សុវណ្ណារិទ្ធ មានធនធានច្រើនរហូតអាចជ្រែយកតំណែងជាប្រធានសាខាគយ ខេត្តប៉ៃលិន បានសម្រេចតាមបំណង។ គ្រាន់តែទទួលបានតំណែងជាមេ គយខេត្តប៉ៃលិន ភ្លាមគឺលោក សំ សុវណ្ណារិទ្ធ ចាប់ផ្តើមប្រមូលលុយស្រង់ដើមភ្លាមតែម្តង ដោយមិនឲ្យខាតពេលឡើយ ជាក់ស្តែងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ កំពុង បើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដោយសារមានការបើកដៃពីលោក សំ សុវណ្ណារិទ្ធ ហើយមានការបែងចែកផលប្រយោជន៍ ៕