ប្រភពពីពលរដ្ឋក្នុងភូមិកោះកែវ និងភូមិទម្ពរ ឃុំស្វាយជ្រំ បានឲ្យដឹងថាព្រៃលិចទឹកដែលឈ្មួញ សុខ ប៊ុន ប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ជាង២០០០ហិកតានោះស្ថិតនៅក្នុងភូមិ កោះកែវ ភូមិទម្ពរ តំបន់បឹងបួនមុំ និងនៅខាងលិចភូមិថ្នល់កន្សែង ហើយមេការឈ្មោះ ឡុង ជាអ្នក ចាត់ចែងការងារជំនួសមេឈ្មួញ សុខ ប៊ុន យ៉ាងរលូនតែម្តង។ ប្រជាពលរដ្ឋដែលកំពុងព្រួយបារម្ភពីការវិនាសអន្តរាយរាយព្រៃលិចទឹកក្នុងឃុំស្វាយជ្រំ បានឲ្យដឹងថាពួកគាត់មិនហ៊ានចេញមុខតវ៉ាទេព្រោះអីត្រូវគេគំរាមកំហែងចាប់ដាក់គុកច្រវាក់ជាបន្ត បន្ទាប់។ ហេតុនេះហើយទើបពួកគាត់អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធក៏ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីកុំឲ្យឈ្មួញ សុខ ប៊ុន ប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជម្រកត្រីពងកូនបន្តទៀត។
ថ្មីៗនេះមានការរិះគន់ថា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង គឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញ សុខ ប៊ុន ( អតីតឧកញ៉ា សុខ ប៊ុន ) ប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជម្រកត្រីពងកូននៅក្នុងតំបន់ហាមឃាត់ចំណុចបឹង៤មុំ អស់ប្រមាណជាង២០០០ហិកតា។ ប្រភពពីប្រជាពលរដ្ឋរស់ភូមិកោះកែវ និងភូមិទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាឈ្មួញ សុខ ប៊ុន តាមរយៈមេការឈ្មោះ ឡុង បានប្រើរូបភាពប្រមូលទិញដីបន្តិចបន្តួចពីអ្នកភូមិ ដោយទិញពីខាងមុខព័ទ្ធយកខាងក្រោយ និងទិញពីខាងក្រោយព័ទ្ធយកខាងមុខ រួចប្រើគ្រឿងចក្រឈូសឆាយបំផ្លាញព្រៃលិចទឹកអស់ជាង២០០០ហិកតារួចទៅហើយ។ ចំណែកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានដឹងយ៉ាងច្បាស់ថាឈ្មួញ សុខ ប៊ុន ឈូសឆាយព្រៃលិចទឹកនៅក្នុងតំបន់ហាមឃាត់ដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែរហូតមកដល់ពេលនេះលោក ងិន ហ៊ុន មិនហ៊ានប៉ះពាល់ឈ្មួញ សុខ ប៊ុន នោះទេ។
ឥឡូវនេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវប្រជាពលរដ្ឋរិះគន់ថា មិនហ៊ានក្អកជាមួយឈ្មួញ សុខ ប៊ុន ដែលប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជាង២០០០ហិកតានៅក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង យ៉ាងកំរោលនោះទេ។ ជាក់ស្តែងមកដល់ពេលនេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលឈ្មួញ សុខ ប៊ុន ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់អស់រាប់ពាន់ហិកតាយ៉ាងរលូន។ ទង្វើរបស់ឈ្មួញ សុខ ប៊ុន គឺជាការបំផ្លាញតំបន់ជម្រកត្រីពងកូន យ៉ាងមហន្តរាយព្រោះមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរពុករលួយផងដែរ ជាពិសេសមន្ត្រីអាជ្ញាធរខេត្តកំពង់ឆ្នាំង អាចជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ទើបពួកគេបណ្តោយឲ្យឈ្មួញ សុខ ប៊ុន ធ្វើអ្វីៗតាមអំពើចិត្តយ៉ាងក្រអឺតក្រទម៕