សេចក្ដីរាយការណ៍ពី សមត្ថកិច្ចតូចតាចក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅច្រកបឹងសាគូ សព្វថ្ងៃនេះមានឈ្មួញនាំ ចូលទំនិញ គេចពន្ធ ដូចជា គ្រឿងសំណង់ ហ្គាស ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជា ច្រើនប្រភេទ ក៏ដូចជាបន្លែផ្លែឈើផងដែរ។ ករណីឈ្មួញ នាំចូលទំនិញគេចពន្ធតា មច្រកបឹងសាគូ ក្រោមការគ្រប់គ្រងរបស់លោក រស់ ពិសិដ្ឋ ដែលជាប្អូនថ្លៃលោក សូ ចាន់ណារី មេនគរបាលវរការពារព្រំដែនលេខ៩១១ បានធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ការដែលលោក សូ ចាន់ណារី និងបក្ខពួកអាចធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យជាខ្នងបង្អែក ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដោយឲ្យមន្ត្រីពុករលួយឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។
ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ច្រករបៀងដែលគ្រប់គ្រងដោយអង្គភាពនគរបាលវរការពារព្រំដែនលេខ៩១១ ដែលមានលោក សូ ចាន់ណារី ជាមេបញ្ជាការ នៅតែកើតមានករណីឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ ប្រការនេះបានធ្វើឲ្យបទបញ្ជារបស់លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្លាយទៅជារឿងឥតន័យ ព្រោះបទល្មើសឆ្លងដែននៅតែបន្តកើតឡើងឥតឈប់ឈរ។ ជាងនេះទៅទៀតប្រភពខ្លះបានឲ្យដឹងថា ដោយសារមានការបើកដៃពីលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ ទើបលោក សូ ចាន់ណារី និងបក្ខពួកហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងទៀតថា នៅច្រកបឹងសាគូ នៅតែកើតមានករណីឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ ហើយបញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមរកការងារធ្វើក៏នៅតែកើតមានឥតឈប់ឈរដែរ។ ពលករខ្មែរដេលឆ្លងដែនខុសច្បាប់ត្រូវបង់លុយតាមការកំណត់របស់លោក រស់ ពិសិដ្ឋ មេប៉ុស្ដិ៍ច្រករបៀងបឹងស្រគូ ដែលជាប្អូនថ្លៃលោក សូ ចាន់ណារី ហើយពលករទាំងនោះត្រូវសមត្ថកិច្ចសៀមចាប់បញ្ជូនត្រឡប់មកស្រុកវិញជាបន្តបន្ទាប់។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យលោក សូ ចាន់ណារី និងមន្ត្រីក្រោមឱវាទបន្តប្រព្រឹត្តបទល្មើសប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកតទៅទៀត៕