សកម្មជនះព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា រយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុនដួងស្រួច ធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ដោយគ្មានញញើតអ្វីទាំងអស់ហើយមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើមិនចាត់វិធានការទប់ស្កាត់នោះទេ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តរតនគិរី ជាបន្ទាន់ក្នុងខណៈដែលព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ កំពុងតែប្រឈមនឹងសេចក្ដីវិនាស។ ប្រជាពលរដ្ឋបានរិះគន់ថា អាជ្ញាធរខេត្តរតនគិរី និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធក្នុងខេត្តនេះ កំពុងតែបើកដៃឲ្យក្រុមហ៊ុនដួងស្រួច កាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។
សេចក្ដីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថាក្រុមហ៊ុនដួងស្រួច កំពុងធ្វើសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់យ៉ាងមហន្តរាយតាមរយៈការជំរុញឲ្យប្រជាពលរដ្ឋប្រដាប់ដោយរណារយន្តចូលព្រៃអាររំលំឈើដើម្បីលក់ឲ្យក្រុមហ៊ុន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានបញ្ជាក់ថា ក្រោយពីក្រុមហ៊ុនដួងស្រួច បំផ្លាញព្រៃឈើនៅក្នុងស្រុកជាំក្សាន្ត និងស្រុកផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ឲ្យរលត់រលាយហើយនោះបច្ចុប្បន្នក្រុមហ៊ុននេះកំពុងបន្តសកម្មភាពកាប់ឈើខុសច្បាប់ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ស្រុកលំផាត់ ខេត្តរតនគិរី យ៉ាងពេញបន្ទុក។ មន្ត្រីអាជ្ញាធរមូលដ្ឋានតូចតាចក្នុងស្រុកលំផាត់ ក៏បានឲ្យដឹងដែរថាក្រុមហ៊ុនដួងស្រួច កំពុងប្រើប្រាស់អាជ្ញាប័ណ្ណប្រមូលឈើ(ឈើដួល) ក្នុងគម្រោងដីសម្បទានសង្គមកិច្ច ហើយបន្តបំពានកាប់ឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ដោយគ្មានញញើតអ្វីទាំងអស់។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានឲ្យដឹងថារយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុនដួងស្រួច បានបញ្ចុះបញ្ចូលឲ្យពលរដ្ឋក្នុងមូលដ្ឋានចូលកាប់ឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ ហើយក្រុមហ៊ុនប្រមូលទិញនិងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ចំណុចដែលក្រុមហ៊ុនដួងស្រួច ជំរុញឲ្យពលរដ្ឋកាប់ឈើយ៉ាងពេញបន្ទុកនោះ គឺនៅតំបន់អូរចាក់ចាប អូរខ្វែង អូរបឿក អូរតាង៉ត អូរតាង៉ែ អូរបោក សមុទ្រសេដាលើ សមុទ្រសេដាក្រោម ក្នុងឃុំសេដា ស្រុកលំផាត់។ សកម្មភាពនេះបានធ្វើឲ្យឈើប្រណីត ឈើប្រភេទលេខ១ ឈើប្រភេទលេខ២ ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះមានពលរដ្ឋរាប់សិបនាក់ប្រដាប់ដោយរណារយន្តចូលព្រៃអាររំលំដើមឈើនិងអារច្រៀកឈើលក់ឲ្យក្រុមហ៊ុនដួងស្រួច ហើយមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញមិនចាត់វិធានការទប់ស្កាត់៕