លោក​មេគយធំម៉ាខេត្ត​ប៉ៃលិនឃុបឃិត​គ្នាប្រព្រឹត្តអំពើពុករ​លួយជិះ​លែងដៃ​?

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​សព្វថ្ងៃនេះ​លោក ទី ប៊ុន​ឡង់ ជា​មេ​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែលមាន​ការបើក​ដៃ​ពី​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។ មាន​សេចក្តីរាយការណ៍​ថា​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដោយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​ក្នុង​មួ​ខែៗ​រាប់រយ​គ្រឿង ហើយ​ឈ្មួញ​ត្រូវតែ​បង់លុយ​ឲ្យ​មន្ត្រី​គយ​តាម​ការកំណត់​ទើប​ចៀស​ផុតពី​ការបង្ក្រាប​។ ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​គយ​នៅ​ខេត្ត​ប៉ៃលិន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ ព្រោះ​កំពុង​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​កាន់តែច្រើន​។

តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ប៉ុន្មាន ខែ​កន្លងទៅនេះ​មេ​គយ​ធំៗ​ក្នុង​ខេត្ត​ប៉ៃលិន កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង ពេញបន្ទុក​តែម្តង​។ ប្រភព​បាន​បញ្ជាក់ថា មួយរយៈ​កន្លងទៅនេះ​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែលមាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​និង​រដ្ឋាករ ទៅទៀត​នោះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ តាមច្រើន​រូបភាព​។ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​រកស៊ី​នាំ​ទំនិញ​ពី​ប្រទេស​សៀម​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក​ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន​ខ្លះ​ផង​។ ​តាម​ការអះអាង​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បានបញ្ជាក់​ថា​ពួកគេ​កំពុង​ពិចារណា​ឈប់​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ តទៅទៀត​ព្រោះ​អី​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ដែលមាន​ការឃុបឃិត​បើកដៃ​ពី​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កំពុង​គាប​ជំរិត​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​។ ជាងនេះទៅទៀត​សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​បន្លែបង្ការ​និង​ផ្លែឈើ​បន្តិចបន្តួច​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក៏ត្រូវ​មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ​ជំរិត​យកលុយ​យ៉ាង​កំរោល​ដោយ​គ្មាន ការយោគយល់​ឡើយ​។​

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​​ដែល​ប្រកបមុខរបរ​រកស៊ី​ដឹក​បន្លែបង្ការ ផ្លែឈើ​និង​ទំនិញ​ផ្សេងៗ​ពី​ប្រទេស​សៀម​រាប់សិប​នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅមុខ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ប្រឆាំង​ទៅនឹង​សមត្ថកិច្ច​គយ​ដែល​គាបសង្កត់​ជំរិត​យកលុយ​ពី​ពួកគាត់​ដោយ​គ្មាន​ការយោគយល់​។ ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​បាន​ឲ្យ​ដឹងថា​ពួកគាត់​ដឹកទំនិញ​ក្នុង​មួយ​ជើង​នៅសល់​កម្រៃ​មិន​ដល់​២០០០០​រៀល​ផង​ទេ ហើយ​បែរជា​ត្រូវ​មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក ទី ប៊ុន ឡង់ ជំរិត​យកលុយ​ពី​ពួកគាត់​ក្នុង​មួយ​ម៉ូតូ​ពី​១០០០០​រៀល ទៅ​២០០០០​រៀល ដូច្នេះ​ពួកគាត់ មាន​លុយ​ឯណា​សល់​ទុក​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ពលរដ្ឋ​បាន​លើកឡើងថា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន មុនៗ​មិនដែល​គាបសង្កត់​ពួកគាត់​ដល់​ថ្នាក់​ហ្នឹង​ទេ​ប៉ុន្តែ​ឥឡូវនេះ​លោក ទី ប៊ុន​ឡង់ កំពុង​ពុករលួយ​ហួសហេតុ​តែម្តង​។​

ប្រភព​ខ្លះ​រិះគន់ថា​ដោយ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ប្រើ​អំណាច​គាបសង្កត់​យកលុយ​ឈ្មួញ​និង​អាជីវករ​តូចតាច​កាន់តែច្រើន​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​បែរជា​លោក ទី ប៊ុន​ឡង់ បាន​ឃុបឃិត​បើ​ដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំ​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រកទ្វារ អន្តរជាតិ​ព្រំ យ៉ាង​គគ្រឹកគគ្រេង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​អាជីវករ​តូចតាច​និង​ពលរដ្ឋ​ដែល​ប្រក​បរបរ​នាំ​ទំនិញ​ពី​ទឹកដី​សៀម​ចូល តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ រិះគន់​ខ្លាំងៗ​ថា​លោក ទី ប៊ុន​ឡង់ កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​លោក សំ សុវណ្ណារិទ្ធ មេ​គយ​ខេត្ត​ប៉ៃលិន​។​

20068207_339522383135395_581020563_n