មេគយ​ខេត្តឧត្ដរមាន​ជ័យលោក​ យូ ហេង​ ឃុបឃិត​ជាមួយឲ្យ​ឈ្មួញនាំចូ​លទំនិញ​គេចពន្ធគ្រប់​ប្រភេទចួ​លតាម​ច្រករបស់ខ្លួ​ន?

សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ច្រក​នេះ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក ព្រោះ​មេ​គយ​ប្រចាំ​ច្រក​នេះ​គិតតែ​ពី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំ​ទំនិញ​ចូល​តាម​ច្រក​ជាំ​ស្រងាំ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​គយ​ប្រចាំ​ច្រក​នេះ បាន​គាប​ជំរិត​យកលុយ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ ហើយ​គេ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​ខ្លះ​ផង ព្រោះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិន​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​សមត្ថកិច្ច​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ​នោះទេ​។ លើស​នេះ​ទៅទៀត​ការដែល​មន្ត្រី​គយ​ប្រចាំ​ច្រក​ជប់​គគីរ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​គយ​ច្រក​ជាំ​ស្រងាំ ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ គឺមាន​ការឃុបឃិត​បើកដៃ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ លោក យូ ហេង ដែល​កំពុងតែ​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​ស្ងៀមស្ងាត់​។

ដោយឡែក​លោក គួ​ន សុភាព មេ​គយ​ប្រចាំ​ច្រក​អូរ​ស្មាច់ ត្រូវបាន​ប្រជាពលរដ្ឋ​និង​អាជីវករ​តូចតាច​រិះគន់ថា ប្រើ​អំណាច​ជំរិត​យកលុយ​ពី​ពួកគាត់​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​ពី​ទឹកដី​សៀម​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ទន្ទឹមនឹងនេះ​បែរជា​លោក គួ​ន សុភាព ឃុបឃិត​ជាមួយ​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់​មេ​គយ​ប្រចាំ​ច្រក​ជប់​គគីរ ច្រក​អូរ​ស្មាច់ និង​ច្រក​ជាំ​ស្រងាំ ក្នុង​ខេត្តឧត្ដរមានជ័យ​នោះទេ​៕

20031093_339966243091009_128702503_n 20068094_339966266424340_1479231206_n