មិនថា​ដឹកឈើខុស​ច្បាប់​រឺកសិផល​ទៅលក់​ស្រុកយួន​ក៏ត្រូវបង់លុយឲ​លោក​ អ៊ី ចំរើន​​ មេនគរបាលអន្តោប្រវេសន៍ច្រ​កអូរ​យ៉ាដាវ

លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រ​ល​ទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដែល​ល្បីល្បាញ​ខាង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះ កំពុង​ប្រ ឈម​នឹង​ការរិះគន់​ពី​រឿង​គាប​យកលុយ​ពី​ពលរដ្ឋ​ដែល​ដឹក​កសិផល​ចេញទៅ​ស្រុក​យួន​តាម ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រេច​តែ​អំពើ​ចិត្ត​។ ទង្វើ​របស់លោក អ៊ី ចំរើន ក្នុងការ​គាប​យក លុយ​ពី​ពលរដ្ឋ​ដឹកជញ្ជូន​កសិផល​ទៅ​ស្រុក​យួន គឺជា​ការបំពាន​ទៅលើ​បទបញ្ជា​របស់​ប្រមុខ រាជរដ្ឋាភិបាល​យ៉ាង​គឃ្លើន​ហើយ​ជា​អំពើពុករលួយ ​។ ដូច្នេះ​ក្រសួង​និង ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​ទុក​ឲ្យ​លោក អ៊ី ចំរើន ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ ជា​ពិ សេស​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។

បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​លោក អ៊ី ចំរើន ដែលជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទៅលើ​លោក អ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រីនគរបាល​រូបនេះ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ទៀត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក អ៊ី ចំរើន ដែល​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ឃុបឃិត​បើ​ដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ក្នុង​មួយថ្ងៃៗ​ពី​៤០០​ទៅ​៥០០​ម៉ែត្រគូប ហើយ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងនោះ​ក៏មាន​ការបែងចែក​ទៅ​មេៗ​ខាងលើ​មួយផ្នែកធំ​ផងដែរ​ទើប​ថ្នាក់លើ​រក្សា​ភាពស្ងប់ស្ងាត់​។

ប្រភពពី​មន្ត្រីរាជការ​សកម្មជន​ព្រៃឈើ​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​រាយការណ៍​ថា​រហូតមក​ដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ ទៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឬ​ទប់ស្កាត់​ឡើយ​។ ចំណែក​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​មិន​ខ្វល់​ពី​រឿង​ព្រៃឈើ​ដែល​កំពុងតែ​ប្រឈម​នឹង​ការ​បំ ផ្លាញ​យ៉ាង​មហន្តរាយ​នោះទេ​។ មានការ​រិះគន់​ខ្លាំងៗ​ថា លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ កំពុង​ប្រើ​អំណាច​ឃុបឃិត​ឲ្យ​ឈ្មួញ​មិនតិចជាង​២០​នាក់​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ច្រក​អូរ​យ៉ា​ដាវ ចេញទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ព្រោះ​លោក អ៊ី ចំរើន មាន​សិទ្ធិ​សម្រេច​ធំជាងគេ​ក្នុងចំណោម​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ អ្វីដែល​អាក្រក់​បំផុត​នោះ​គឺ​លោក អ៊ី ចំរើន ប្រើ​អំណាច​ជំរិត យកលុយ​ពី​ពលរដ្ឋ​ដែល​ដឹក​កសិផល​ដូចជា​ដំឡូង​មី ពោត សណ្តែក ចេញទៅ​ស្រុក​យួន ដោយ​ពុំមាន​យោគយល់​ឡើយ ​៕

Untitled.png2-Copy