ឈ្មួញធំ​ៗនាំម្ហូប​ចំណីនិង​បន្លែបង្ការមាន​ផ្ទុកសារធាតុ​គីមីមកបំ​ផ្លាញសុខ​ភាព ?

មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ប្រសិនបើ​សមត្ថកិច្ច​កាំកុងត្រូល​ប្រចាំ​ច្រករបៀង ឬ​ច្រកព្រំដែន​ត្រួតពិនិត្យ​គុណភាព​គ្រឿងឧបភោគ​បរិភោគ ចំណីអាហារ និង​បន្លែបង្ការ​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម​ឬ​ប្រទេស​យួន​នោះ គឺ​មន្ត្រី​កាំកុងត្រូល​តាម​បណ្ដា​ខេត្ត​នានា​មិនចាំបាច់​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ទីផ្សារ​នោះទេ​។ ជាងនេះទៅទៀត​ក្រសួង​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​នាំចូល​បន្លែបង្ការ​ពី​ប្រទេសជិតខាង​ច្រើន​ហួសហេតុ​ពេក ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​បន្លែបង្ការ​ដែល​ប្រជាកសិករ​ខ្មែរ​ដាំ​នៅក្នុង​ស្រុក​។ ជាពិសេស​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន និង​ច្រករបៀង​នៅ​ទូទាំងប្រទេស​ផងដែរ ព្រោះ​អី​មកពី​ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ​ទើប​ឈ្មួញ​អាច​នាំចូល​គ្រឿង​ឧបភោគបរិភោគ ចំណីអាហារ​ខូចគុណភាព ឬ​ហួស​កាលកំណត់​ប្រើប្រាស់​ក៏ដូចជា​បន្លែបង្ការ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ស្រុក​ខ្មែរ​។

មួយរយៈ​កន្លងទៅនេះ​បន្លែបង្ការ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន​ក្នុង​ខេត្តរតនគិរី ខេត្តកំពត និង​ខេត្តតាកែវ​ជាដើម ត្រូវបាន​មន្ត្រី​កាំកុងត្រូល​រកឃើញថា​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ទិញ​បន្លែបង្ការ​ទាំងនោះ​យកទៅ​ទទួលទាន​។ ជាងនេះទៅទៀត​សូម្បីតែ​គ្រឿង​សមុទ្រ​ដូចជា បង្គា មឹក និង​ក្ដាម​ជាដើម ក៏​មន្ត្រី​កាំកុងត្រូល​ពិនិត្យឃើញ​មាន​ដាក់​សារធាតុ​គីមី​ដើម្បី​រក្សា​គុណភាព​ទុក​ឲ្យ​បានយូរ​ផងដែរ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​និង​ច្រករបៀង​ជាប់​ជាមួយ​ប្រទេស​យួន និង​ប្រទេស​សៀម ត្រូវគេ​រិះគន់ថា​មិន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​ត្រួតពិនិត្យ​គុណភាព គ្រឿងឧបភោគ​បរិភោគ និង​បន្លែបង្ការ​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​។

កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ មន្ត្រី​កាំកុងត្រូល​ខេត្តកំពង់ស្ពឺ បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ជា​គ្រឿងឧបភោគ​បរិភោគ​និង​បន្លែបង្ការ​ជាច្រើន​មុខ ដែល​ក្រុមអាជីវករ​ដាក់លក់​នៅ​លើ​ទីផ្សារ​ដោយបាន​ពិសោធន៍​ទៅលើ​ទំនិញ​ប្រហែល​៤០​មុខ​។ នៅក្នុង​ការត្រួតពិនិត្យ​នោះ​មន្ត្រី​កាំកុងត្រូល​ខេត្តកំពង់ស្ពឺ បាន​រកឃើញ​បន្លែបង្ការ​៥​មុខ​មាន​ជាតិ​ថ្នាំពុល​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​ជា​អ្នកទិញ​បន្លែបង្ការ​ទាំងនោះ​ទៅធ្វើ​ម្ហូប​។ បន្លែបង្ការ​ទាំង​៥​មុខ​ដែលមាន​ជាតិ​ថ្នាំពុល​បំផ្លាញ​សុខភាព​អ្នកទទួល​ទាន​ដែល​មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ គឺ​សាឡា​ត់ ស្លឹក​គិ​ន​ឆាយ ផ្កា​គិ​ន​ឆាយ ដើម​ខាត់ណា និង​ខ្ទឹមស​។ ប្រការនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ផលប៉ះពាល់​ដល់​សុខភាព ហើយ​ជំរុញ​ឲ្យ​សមត្ថកិច្ច​តាម​ច្រកព្រំដែន និង​ច្រករបៀង​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​បន្លែបង្ការ និង​គ្រឿងឧបភោគ​បរិភោគ​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ៕

Pic412