ក្រុម​ហ៊ុនរុករក​រ៉ែមាសចិនកំពុ​ងធ្វើឲ្យប៉ះពា​ល់ដល់ការ​រស់នៅរបស់​ប្រជាព​លរ​ដ្ធ

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ឃុំ​ចុង​ផ្លាស់ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​មាន​វត្តមាន​ក្រុមហ៊ុន រ៉ុង​ឆេង ចុះមក​ស្រាវជ្រាវ​រុករក​រ៉ែ​ក្នុងអំឡុង​ឆ្នាំ​២០០៥​រហូតដល់​បច្ចុប្បន្ន គឺ​ក្រុមហ៊ុន​នេះ​តែងតែ​បំពាន​លើ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​។ មន្ត្រី​អាជ្ញាធរ​ឃុំ​ចុង​ផ្លាស់ បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន រ៉ុង​ឆេង បំពាន​លើ​ទីតាំង​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​របស់​ពលរដ្ឋ​ក្នុង​ឃុំ​ចុង​ផ្លាស់​ជា​បន្តបន្ទាប់ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​តវ៉ា​ដើម្បី​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន រ៉ុង​ឆេង ជាបន្ទាន់​។ ទន្ទឹមនឹងនេះ​មន្ត្រី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឃុំ​ចុង​ផ្លាស់ អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា បញ្ឈប់​អាជីវកម្ម​របស់​ក្រុមហ៊ុន រ៉ុង​ឆេង ជា​ស្ថាពរ​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ប្រើ​អំណាច​បំពាន​លើ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី យ៉ាង​កំរោល​តទៅទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា នៅពេល​ក្រុមហ៊ុន​ចិន​ទទួលបាន​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ​រុក​រ៉ែ​ឬ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ណាមួយ​នោះ តែងតែ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​ចិន​មួយចំនួន​បាន​បំផ្លាញ​ព្រៃឈើ​និង​ធនធាន​រ៉ែ​របស់​ខ្មែរ​យ៉ាង​មហន្តរាយ ដោយសារតែ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ចាត់​វិធា​ការទប់ស្កាត់​នោះទេ​។ ជាក់ស្ដែង​ថ្មីៗ​នេះ​ក្រុមហ៊ុន​ចិន​ដែល​ទទួលបាន​សិទ្ធិ​រុករក​រ៉ែ​មាស​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កំពុង​បំពាន​លើ​រណ្ដៅ​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ​៤​កន្លែង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចុង​ផ្លាស់ ប្រមូលផ្ដុំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជាបន្ទាន់​។​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចុង​ផ្លាស់ ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​ពួកគាត់​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាឃុំ​ដើម្បី​សុំ​អន្តរាគមន៍​ពី​ក្រសួង​រ៉ែ និង​ថាមពល ក៏ដូចជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ឲ្យ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​រ៉ែ​ឈ្មោះ រ៉ុង​ឆេង របស់​ចិន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រណ្ដៅ​រ៉ែ​មាស​របស់​ពួកគាត់​ចំនួន​៤​កន្លែង​។ ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅមុខ​សាលាឃុំ​ចុង​ផ្លាស់ បាន​បញ្ជាក់ថា ពួកគាត់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ច្រើន​ឆ្នាំ​មកហើយ​ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត ព្រោះ​តំបន់​នេះ​ពិបាក​ក្នុង​ការដាំ​ដំណាំ​ផ្សេងៗ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​អាជីវកម្ម​រ៉ែ​មាស​របស់​ពួកគាត់​កំពុង​ប្រឈម​នឹង​ការលំបាក​ដោយសារ​ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង​ឆេង ចេះតែ​បំពាន​លើ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​របស់​ពួកគាត់​ជា​បន្តបន្ទាប់ ហេតុនេះហើយ​ទើប​ពួកគាត់​តវ៉ា​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល ជួយ​ដោះស្រាយ​៕

20206237_343143802773253_1665404550_n